ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន ២ខ្សែទៀត ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថី ឈ្នះ-ឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនាឆ្នាំ២០២២ ថា កំណាត់ផ្លូវ២ខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន ២ឆ្នាំ។ ការដ្ឋាននេះបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២។ កំណាត់ផ្លូវ២ខ្សែដែលបាននិងកំពុងស្ថាបនានេះ រួមមាន ផ្លូវទី១ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥ម៉ែត្រ រៀបខឿនទ្រូវងផ្លូវបែងចែកចរាចរ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប២០ម៉ែត្រ ប្រវែងសរុប ៨២៤០ម៉ែត្រ ចាប់ពីផ្លូវជាតិលេ៦ ដល់ផ្លូវគល់ស្ពាន ឈ្នះ-ឈ្នះ។ ផ្លូវនេះមានដាក់លូសងខាងផ្លូវទំហំ ១,២ម៉ែត្រ ចាប់ពីផ្លូវជាតិលេ៦ដល់ស្ពានព្រែកតាគង់ និងដាក់លូសងខាងផ្លូវទំហំ ១,៥ម៉ែត្រ ចាប់ពីស្ពានព្រែកតាគង់ដល់ព្រែកម្រៀល។ ក្រៅពីនេះក៏មានដាក់លូប្រអប់សង់ខាងទំហំ២,៥ម៉ែត្រ x ២ម៉ែត្រ ពីរជួរចាប់ពីព្រែកម្រៀល ដល់ផ្លូវខ្សែទី៣។ ដាក់លូប្រអប់សងខាងផ្លូវទំហំ ១,៥ម៉ែត្រ ចាប់ពីសាលាព្រែករាំងដល់ផ្លូវគល់ស្ពាន ឈ្នះ-ឈ្នះ។
ចំណែកផ្លូវទី២ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥ម៉ែត្រ រៀបខឿនទ្រូងផ្លូវ បែងចែកចរាចរ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប ២០ម៉ែត្រ ប្រវែងសរុប៦៩១៦ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ ត្រង់ចំណុច PK0+830 ដល់មហាវិថី ឈ្នះ-ឈ្នះ។
ក្រៅពីនេះ ក៏មានដាក់លូសងខាងផ្លូវទំហំ១ម៉ែត្រចាប់ពីផ្លូវខ្សែទី២ដល់មាត់ព្រែកតាគង់ និងដាក់លូប្រអប់ទំហំ ២,៥ម៉ែត្រ x ២ម៉ែត្រ ពីរជួរចាប់ពីមាត់ព្រែកតាគង់ ដល់ចំណុចផ្លូវទំនប់ឧកញ៉ាលីយ៉ុងផាត់ និងដាក់លូសងខាងផ្លូវទំហំ១,៥ម៉ែត្រ ចាប់ពីផ្លូវទំនប់ឧកញ្ញ៉ាលីយ៉ុងផាត់ ដល់មហាវិថី ឈ្នះ-ឈ្នះ៕
ដោយ៖ គន្ធ តារាវិឆ័យ