សៀមរាប៖ បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ គឺថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង៦:៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។
អ្នកបុរាណវិទូដដែល បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២២នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។
អ្នកជំនាញដដែលពន្យល់ថា សមរាត្រី គឺជាពេលវេលាដែលរវាងពេលថ្ងៃ និងពេលយប់ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែ សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យ ប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង៕