×

រាជរដ្ឋាភិបាល សម្រេច​លុបចោល​ការតេស្តរហ័ស​រកកូវីដ១៩​លើ​អ្នកដំណើរ​ដែល​ចាក់វ៉ាក់សាំង​ពេញលេញ ពេល​មកដល់​កម្ពុជា

ភ្នំពេញ៖ អ្នកដំណើរជាតិ និងអន្តរជាតិ នឹងមិនតម្រូវឱ្យធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ទៀតឡើយ នៅពេលពួកគេមកដល់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

យោងចំណារឯកភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃ គ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រេចដូចខាងក្រោម៖

១-លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។

២-លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។

៣-អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ក្រសួងសុខាភិបាល នៅតែបន្តលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះ អ្នកដំណើរទាំងអស់ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩ នៅពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង