×

លោកស្រី ឱ វណ្ណឌីន បកស្រាយ​អំពី​ផលប៉ះពាល់​សុខភាព ក្រោយ​ជាសះស្បើយ​ពី​ជំងឺកូវីដ១៩

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានចេញមកបកស្រាយ និងពន្យល់អំពីផលប៉ះពាល់ដល់សុខភាពមួយចំនួន ក្រោយពីជាសះស្បើយជំងឺកូវីដ១៩។ ការចេញមកបកស្រាយរបស់លោកលោកជំទាវ ឱ វណ្ណឌីន ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទសួរមួយចំនួន ពិសេសសម្រាប់អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩តែម្ដង។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា តាមការសិក្សា ក្រោយអ្នកជំងឺជាសះស្បើយពីកូវីដ១៩ អាចមានរោគសញ្ញានៅសល់ប្រហែលជា១ឆ្នាំទៀត រួមមាន៖ “ឆាប់នឿយហត់ ឬមានអារម្មណ៍ថា ដូចជាខ្សោយជាងមុនពេលឈឺ, ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាកដកដង្ហើម ឬមានអារម្មណ៍ថា ដូចជារៀងថប់ៗដង្ហើម, បន្តនៅក្អកខ្លះៗ, អាចឈឺសន្លាក់ដៃជើង, អាចមានឈឺដើមទ្រូងខ្លះៗ, មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់, ឈឺសាច់ដុំ ឬឈឺក្បាល, បេះដូងដើរញាប់ជាងមុន, និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។”

“រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦-១២ខែ ឬអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្តោយខ្លួនឱ្យមានការឆ្លងកូវីដ១៩ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង