×

Lisa ធ្វើឱ្យម្នាក់ៗ​ស្មានថា​នាងជក់បារី បន្ទាប់​ពីឃើញ​បារីអេឡិចត្រូនិក​មួយដើម​ក្នុងដៃ

ប៉ារីស៖ តាំងពីសប្តាហ៍មុនម្ល៉េះ កូនពៅប្រចាំក្រុម Blackpink Lisa បានហោះទៅកាន់ប្រទេសបារាំងដើម្បីចូលរួមកម្មវិធី Paris Fashion Week ដែលមានអ្នកគាំទ្រជាច្រើនបានជូនដំណើរនាងដល់ព្រលានយន្តហោះទៀតផង។ តារាស្រីដែលត្រូវបានគ្រប់គ្នាដាក់រហ័សនាមឱ្យថា ជាតុក្កតាមនុស្សដោយសារទម្រង់មុខប្រៀបបីដូចតុក្កតាជ័ររបស់ Lisa ពិតជាទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាខ្លាំង។

មិនថាក្នុងប្រទេស ឬ ក្រៅប្រទេសឡើយ សមាជិកក្រុម Blackpink តែងទទួលបានការស្វាគមន៍ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាក្រុមការងារយ៉ាងកក់ក្តៅ។ យ៉ាងណាមិញ នៅពេល Lisa បានទៅដល់ប្រទេសបារាំងហើយ អ្នកគាំទ្រជាច្រើនបានទន្ទឹងចាំជួបនាងផ្ទាល់ដើម្បីសុំហត្ថលេខាផងដែរ។

ខណៈពេលអ្នកគាំទ្រសុំឱ្យនាងចុះហត្ថលេខាឱ្យនោះ Lisa បានធ្វើឱ្យអ្នកមួយចំនួនស្ទើរយល់ច្រលំថានាងញៀននឹងបារីដោយសារក្នុងដៃឃើញមានកាន់បារីអេឡិចត្រូវនិកពណ៌ផ្កាឈូកមួយដើម។ ប៉ុន្តែចុងក្រោយម្នាក់ៗនាំគ្នាអស់សំណើចក្រោយ Lisa សួរថានេះជាអ្វី? ការពិត Lisa បានទាញយកបារីអេឡិចត្រូនិកពីដៃអ្នកគាំទ្រដោយមិនបានចាប់អារម្មណ៍ស្មានថានោះជាហ្វឺតសម្រាប់ចុះហត្ថលេខាប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ប្រជាប្រិយភាពរបស់តារាស្រីវ័យក្មេងរូបនេះ រួមទាំងក្រុមទាំងមូល បានអង្រួនពិភពលោកឱ្យបង្វែរការចាប់អារម្មណ៍មកលើពួកគេជាខ្លាំង សូម្បីតែផលិតផលល្បីៗជាច្រើនក៏បានចាប់អារម្មណ៍ជ្រើសរើសសមាជិកក្រុម Blackpink ឱ្យធ្វើជាទូតសុឆន្ទៈតំណាងឱ្យផលិតផលរបស់ពួកគេផងដែរបើទោះជាត្រូវចំណាយថ្លៃជួលពួកគេខ្ពស់ប៉ុណ្ណាក៏ដោយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង