×

ស្លា ប់​កើនដល់ ៤នាក់ ក្រោយ​រញ្ជួយដី ៧,៣រ៉ិចទ័រ នៅ​ជប៉ុន

ជប៉ុន៖ ការរញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រ នៅឆ្នេរសមុទ្រនៃប្រទេសជប៉ុន បានបង្កឱ្យមានរលកយក្សស៊ូណាមិតូចៗចំនួន ២ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខួបលើកទី១១ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ២០១១ នៅរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ។

យ៉ាងហោចណាស់មនុស្ស ៤ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និងជាង ១០០នាក់បានរងរបួសនៅក្នុងទីក្រុងសូម៉ា ខេត្តហ្វូគូស៊ីម៉ា។ នេះបើយោងតាមមន្ត្រី ប្រាប់ព័ត៌មានជប៉ុន NHK World ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ពលរដ្ឋជប៉ុនរាប់ម៉ឺនគ្រួសារ គ្មានថាមពលប្រើប្រាស់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ជាង ១០ម៉ោងបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ។ អគារនានាក្នុងទីក្រុងតូក្យូ ត្រូវបានអង្រួនយ៉ាងខ្លាំងក្លា ហើយផ្ទះជាង ២លានខ្នង បានបាត់បង់ថាមពលអគ្គិសនីនៅតំបន់មួយចំនួន នៃភាគខាងកើតប្រទេសជប៉ុន ភ្លាមៗបន្ទាប់ពីការរញ្ជួយដីបានវាយប្រហារនៅវេលាម៉ោង ១១ និង ៣០ នាទីយប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃពុធ។ ការរញ្ជួយដីមួយទៀត កម្រិត ៥,៦ រ៉ិចទ័រ បានវាយប្រហារ មុនម៉ោង ១ព្រឹកថ្ងៃព្រហស្បតិ៍។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា រលកយក្សស៊ូណាមិតូចៗ ដែលមានកម្ពស់ប្រហែល ២០សង់ទីម៉ែត្រ នៅក្នុងទីក្រុង Sendai និងកំពង់ផែ Ishinomaki និងមនុស្ស ៣៩០០០ នាក់ត្រូវបានព្រមានឱ្យជម្លៀសចេញពីខេត្ត Miyagi ។

អាជ្ញាធរនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានរាយការណ៍ថា ម៉ាស៊ីនបូមទឹកនៅម៉ាស៊ីនរ៉េអាក់ទ័រចំនួនពីរ នៅក្នុងអាងរបស់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ត្រូវបានបញ្ឈប់។

ប្រទេសជប៉ុនបានព្រមានថា ការរញ្ជួយដីមួយទៀតនៃ “កម្រិតស្រដៀងគ្នា” អាចវាយប្រហារប្រទេសនេះក្នុងសប្តាហ៍ក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង