×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

រាជរដ្ឋាភិបាលកម្ពុជា និង​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា ចុះ​កិច្ចព្រមព្រៀង​បង្កើត​ក្រុមហ៊ុនថ្នាល​ទូរទស្សន៍ឌីជីថល​កម្ពុជា ដែល​ឆ្លុះបញ្ចាំង​ពី​ភាពជឿនលឿន​នៃសង្គម-សេដ្ឋកិច្ច​កម្ពុជា

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

ពិធីចុះហត្ថលេខានេះ បានរៀបចំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមាន លោក អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា និង លោកស្រី ហ៊ុន ម៉ាណា អ្នកឧកញ៉ា គិត ម៉េង ដែលជាតំណាងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ក៏ដូចជាវត្តមានរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធរបស់ភាគីទាំងពីរជាច្រើនរូបផ្សេងទៀតផងដែរ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក គឺជាបង្គោលចរដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីវិវឌ្ឍនាការដ៏ជឿនលឿនរបស់ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស វិស័យឌីជីថល នៅក្រោមដំបូលសន្តិភាពនៃការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ កិច្ចសហការរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ក្នុងការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក នេះគឺ ជាតថភាពដែលបង្ហាញអំពីសារសំខាន់នៃភាពជាដៃគូស្អិតរមួតរវាងរដ្ឋ និងឯកជន នៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។

ស្របតាមផែនការរំដោះបន្ទារហ្វ្រេកង់ស៍របស់រាជរដ្ឋាភិបាល ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ នឹងអនុញ្ញាតឱ្យ ក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល ដែលមានគុណភាពខ្ពស់ ក្នុងការបញ្ជូនរូបភាព និងសម្លេងទៅកាន់ទស្សនិកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយរាជរដ្ឋាភិបាល នឹងមានលទ្ធភាពរំដោះយកបន្ទារហ្វ្រេកង់ស៍ពីក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ជាពិសេសបន្ទារហ្វ្រេកង់ស៍ តំបន់ ៧០០MHz ដើម្បីប្រគល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ចែងប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ដូចជាប្រព័ន្ធ 5G ដែលមានគុណប្រយោជន៍ផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់ ធៀបនឹងការប្រើប្រាស់ក្នុងវិស័យសោតទស្សន៍។ ការបង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ ក៏ជាលទ្ធផលនៃការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការអនុលោមតាមឧត្តមានុវត្តន៍នៃបណ្តាប្រទេសក្នុងតំបន់ និងអនុសាសន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

សូមបញ្ជាក់ថា ស្របតាមគោលការណ៍ដ៏សំខាន់ៗទាំងនេះ រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឱ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ប្រើ-ប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា(Simulcast) ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នា រហូតដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធ អាណា-ឡូក ជាស្ថាពរ៕

   

អត្ថបទ៖ ចេង ឆហួត

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង