ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥៖០០នាទីព្រឹក ក្រសួងសុខាភិបាល និងមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នឹងរៀបចំពិធីសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ដែលស្ថិតនៅភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចាប់ពីស្ពានអាកាស៧មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) និងកំណាត់ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ៕