×

សង្កាត់ត្រើយកោះនៃខេត្តកំពត នឹងប្រែក្លាយជាក្រុងរណបមួយក្នុងពេលឆាប់ៗខាងមុខ ខណៈសម្បូរទៅដោយបណ្តុំទេសចរណ៍ជាច្រើនកន្លែង

កំពត៖ ក្នុងរយៈពេលចុងក្រោយនេះ វិស័យទេសចរណ៍ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងសង្កាត់នេះមានរមណីយដ្ឋាន និងកន្លែងសម្រាកកម្សាន្តសរុបចំនួន ៩កន្លែង។ ក្នុងពេលឆាប់ខាងមុខ គម្រោងធំៗដែលអភិវឌ្ឍន៍លើវិស័យទេសចរណ៍ជាច្រើនទៀត នឹងចាប់ផ្តើមដំណើរការរៀបចំនៅលើផ្ទៃដីរាប់រយហិកតា។ ការនេះអាជ្ញាធរសង្កាត់រំពឹងថា យ៉ាងយូរ៥ឆ្នាំទៀត សង្កាត់នេះនឹងក្លាយជាក្រុងរណបដែលមានបណ្តុំទេសចរណ៍ល្អឯក និងសម្បូរបែបច្រើនកន្លែង។

ចៅសង្កាត់ត្រើយកោះ លោក ពៅ សុន បានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល សង្កាត់ត្រើយកោះ សម្រេចបានសមទ្ធិផលជាច្រើនសម្រាប់បំពេញតម្រូវការពលរដ្ឋខ្លួន។ ទោះស្ថិតនៅក្នុងបរិបទកូវីដ-១៩ តែសកម្មភាពនៃការអភិវឌ្ឍសង្កាត់នៅបន្តជាហូរហែ ក្នុងនោះវិស័យទេសចរណ៍ក៏មានសន្ទុះគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន សង្កាត់ត្រើយកោះមានកន្លែងកម្សន្ត និងសម្រាកលម្ហែចំនួន ៩កន្លែងគឺ “ដំបូង” ដែលស្ថិតនៅក្នុងភូមិបឹងតាព្រាម, “កោះស្មោះស្នេហ៍” ស្ថិតនៅក្នុងភូមិបឹងតាព្រាម, “អារម្មណ៍” ស្ថិតនៅក្នុងភូមិបឹងតាព្រាម, “ចម្លើយ” ស្ថិតនៅក្នុងភូមិស្រែ, “នឹកនា” ស្ថិតនៅក្នុងភូមិស្រែ, “លំហែរ” ស្ថិតនៅក្នុងភូមិបឹងតាព្រាម, “អារម្មណ៍២” ស្ថិតនៅក្នុងភូមិស្រែ, “នីភ្នំដូងប៊ូទិក” ស្ថិតនៅក្នុងភូមិបឹងតាព្រាម និងបូទីកកំរិតផ្កាយរបស់ក្រុមហ៊ុជប៉ុន។

 

លោកចៅសង្កាត់បានបញ្ជាក់ថា សង្កាត់ត្រើយកោះមាន ៤ភូមិគឺ ភូមិតាអង្គ ភូមិស្រែ ភូមិដូនតោក និងភូមិបឹងតាព្រាម។ ដោយសារបច្ចុប្បន្នស្ពានត្រើយកោះ មានសភាពចាស់ទ្រុឌទ្រោម ហើយស្ពានថ្មីមួយកន្លែងទៀតនៅជិតស្ពានចាស់នោះកំពុងសាងសង់ជិតរួច ផ្លូវក្រាលកៅស៊ូជាង ២០គីឡូម៉ែត្រ មិនទាន់បានធ្វើ ទើបធ្វើឱ្យគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធំៗ មានការយឺតយាវក្នុងការដំណើរការ។ ម្យ៉ាងទៀត ដោយសារតែដីនៅតំបន់មួយចំនួន រាជរដ្ឋាភិបាលនៅមិនទាន់បានចេញប័ណ្ណកម្មសិទ្ធជូនម្ចាស់ដីនៅឡើយ។

តាមការរំពឹងរបស់លោកចៅសង្កាត់ត្រើយកោះ ក្នុងរយៈប្រមាណ ៥ឆ្នាំទៀត សង្កាត់ត្រើយកោះ នឹងក្លាយជាបណ្តុំទេសចរណ៍ល្អឯក ឬជាក្រុងរណបមួយដ៏ស្រស់ស្អាតជាងបណ្តាសង្កាត់ផ្សេងៗ ដោយសារតែសង្កាត់មានដៃព្រែក និងសមុទ្រព័ទ្ធជុំវិញ ដែលអាចទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្តស្រូបយកខ្យល់អាកាស បរិភោគអាហារជុំគ្រួសារ និងមើលថ្ងៃរះ ថ្ងៃលេច ទេសភាពភ្នំបូកគោ កោះត្រល់ និងកោះជាច្រើនទៀត នៅលើផ្ទៃសមុទ្រផងដែរ។ ចំណែកប្រជាពលរដ្ឋក្នុងសង្កាត់របស់លោក នឹងកាន់តែមានជីវភាពល្អប្រសើរឡើង៕

អត្ថបទ៖ វង្ស សុធារម្យ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង