ភ្នំពេញ៖ អ្នកគ្រូពិសី ដែលធ្លាប់តែជានារីសុភាពរាបសារ បែរជាត្រូវមកអង្គុយផឹកស្រាខូចចិត្តដោយសារស្នេហាដ្បិតខំលួចស្រលាញ់នាយប៉ូលិស ខេន អស់រយៈពេលជាយូរ បែរគេមិនចាប់អារម្មណ៍ តែនាយ ខេន បែរទៅចាប់អារម្មណ៍ជាមួយនឹងអ្នកគ្រូពេទ្យ វណ្ណារី ដែលទើបលេចវត្តមានពេលក្រោយទៅវិញ។
ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យមានបញ្ហានោះ មិនដឹងជាមានអ្វីកើតឡើងចំពោះអ្នកគ្រូ ពិសី នោះទេទើបបានជាក្រោយផឹកស្រាជាមួយថៅកែ ទេព ដែលមានចិត្តតិរច្ឆានហើយ បែរជាស្អែកឡើងមានបញ្ហាសុខភាព ទឹកមុខស្លេកស្លាំងរហូតដល់សន្លប់ត្រូវបញ្ជូនទៅមន្ទីរពេទ្យទៀតផង។
អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ នាងថែមទាំងមានស្នាមជាំពេញខ្លួន និងខឹងអ្នកគ្រូពេទ្យ វណ្ណារី ដែលឆែកខ្លួនប្រាណ និងរបួសរបស់នាងដោយគ្មានការអនុញ្ញាតិទៀតផង។ អ្នកណាៗក៏ដឹងថា ថៅកែទេពម្នាក់នេះមានចិត្តច្រណែននឹងប៉ូលិស ខេន ប៉ុណ្ណាដែរ ហើយព្រមធ្វើគ្រប់យ៉ាងដើម្បីយកឈ្នះមិនថាជាអំពើទុច្ចរឹតក៏ដោយ។
ចង់ដឹងកាន់តែច្បាស់ថា ស្នាមជាំពេញខ្លួនរបស់អ្នកគ្រូ ពិសី កើតឡើងដោយសារអ្វីបានជានាងហាក់ភ័យស្លន់ស្លោរបែបនេះ? កុំភ្លេចរង់ចាំទស្សនារឿងភាគខ្មែរ “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍CTN និងផ្សាយផ្ទាល់នៅ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕