×

ថៃនឹង​ដាក់​ទោស​បុគ្គល​ណា​ដែល​ចែកចាយ​រូបភាព ឬវីដេអូ​របស់ Lisa ដែល​ថតផ្សព្វផ្សាយ​ឱ្យ​ក្រុមហ៊ុន​ស្រាបៀរ​ដែល​ទើបក្លាយជា​ទូតសុឆន្ទៈ

កម្សាន្ត៖ ចាប់តាំងពីចូលប្រលូកក្នុងសិល្បៈមក Lisa តែងធ្វើឱ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ដោយសារសមត្ថភាព ជាពិសេសផ្ទៃមុខដែលប្រៀបបីដូចតុក្កតាជ័ររបស់នាង បានធ្វើឱ្យគ្រប់គ្នាសម្លឹងមើលមិនដាក់ភ្នែក និងចែករំលែកតៗគ្នាជាច្រើន។

ដោយសារតែប្រជាប្រិយភាពបានសាយភាយល្បីពាសពេញសកលលោកបានធ្វើឱ្យតារាស្រីរូបនេះក្តោបបានតំណែងជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនល្បីៗជាច្រើន ហើយក្នុងពេលថ្មីៗនេះដែរ នាងក៏បានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនស្រាដ៏ល្បីមួយទៀតផងដែរ ដោយរូបភាពដែលនាងកាន់ដបស្រាដើម្បីធ្វើការផ្សព្វផ្សាយនោះត្រូវបានចែកចាយតគ្នាជាច្រើននៅលើបណ្តាញសង្គម។

យ៉ាងណាមិញ ការក្លាយជាទូតសុឆន្ទៈលើកនេះ បានធ្វើឱ្យអ្នកគាំទ្រនៅថៃមានការលំបាកមិនអាចចែកចាយរូបផ្សព្វផ្សាយដើម្បីគាំទ្រនាងឡើយ ដោយយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃក្រសួងសុខាភិបាលថៃ នៅថ្ងៃទី១៧ ខែមីនា នេះបានចាប់ផ្តើមពិនិត្យលើបុគ្គលណាដែលបានចែកចាយរូបភាព និងវីដេអូរបស់ Lisa ផ្សព្វផ្សាយឱ្យក្រុមហ៊ុនស្រាដ៏ល្បីនោះនៅលើបណ្តាញសង្គម។

ដោយសារច្បាប់ក្នុងប្រទេសថៃត្រូវបានហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងដែលចេញពីសិល្បករណាមួយ ប្រសិនជាប្រទះឃើញមានអ្នកចែកចាយរូបភាព ឬវីដេអូនៅលើបណ្តាញសង្គម នោះនឹងត្រូវពិន័យជាប្រាក់ ៥សែនបាត ឬត្រូវជាប់ពន្ធនាគារ១ឆ្នាំ ឬត្រូវអនុវត្តន៍ទោសទាំង២តែម្តង។

ទោះជាយ៉ាងណា នាយករងនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺលោក Kachonsak Kaewcharat បានបញ្ជាក់ឱ្យដឹងថា ច្បាប់នេះត្រូវបានហាមប្រាមតែក្នុងប្រទេសថៃប៉ុណ្ណោះ សម្រាប់នៅប្រទេសឯទៀតដូចជាជប៉ុន កូរ៉េ និងបណ្តាប្រទេសឯទៀតគឺជាការផ្សព្វផ្សាយស្របច្បាប់មិនមានបញ្ហាអ្វីឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង