ភ្នំពេញ៖ ដំណឹងនៃការចូលសង្គ្រោះបន្ទាន់របស់ស្តេចចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ម្សិលមិញនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងបារម្ភពីសុខភាពលោកជាខ្លាំង។ យ៉ាងណាមិញ យោងតាមការឱ្យដឹងពីតារាកំប្លែងអ្នកនាង កាឆយ បានបញ្ជាក់ថា លោកព្រហ្ម ម៉ាញ លើសសម្ពាធឈាមខ្ពស់រហូតដល់ដួលសន្លប់បាត់ស្មារតី ទើបត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបែបនេះ។
រហូតមកដល់ថ្ងៃទី២១ ខែមីនា នេះលោកបានដឹងខ្លួន និងធូរស្បើយបន្តិចហើយ ប៉ុន្តែនៅមិនទាន់អាចពិសាអ្វីបាននៅឡើយ និងមានអាការវិលមុខផងដែរ។ ទោះជាយ៉ាងណា ពេលនេះលោកក៏បានធ្វើឱ្យមហាជនធូរស្បើយចិត្តបន្ទាប់ពីដឹងខ្លួនឡើងវិញ ដោយអ្នកគាំទ្រជាច្រើនបាននាំគ្នាជូនពរឱ្យលោកឆាប់ជាសះស្បើយ ត្រលប់មកមានសុខភាពល្អឡើងវិញឆាប់ៗនេះផងដែរ៕