
ចិន៖ យោងតាមបណ្តាញសុវត្ថិភាពអាកាសចរណ៍ (ASN) បានឱ្យដឹងថា មុនពេលធ្លាក់យន្តហោះនៅខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃចន្ទ យន្តហោះប្រភេទ Boeing 737-800 បានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចំនួន ២២លើក។

ឧបទ្ទវហេតុចំនួន ១០លើកក្នុងចំណោម ២២លើកនោះ បានបង្កឱ្យមានអ្នកស្លាប់បាត់បង់ជីវិត ជាមួយនឹងការធ្លាក់ស្លាប់លើកដំបូងត្រូវបានកត់ត្រា នៅក្នុងខែកញ្ញា ឆ្នាំ២០០៦ នៅពេលដែលយន្តហោះអាយុ ១៨ថ្ងៃមួយគ្រឿង បានបុកគ្នាលើអាកាសក្នុងប្រទេសប្រេស៊ីល ដែលបានសម្លាប់មនុស្ស ១៥៤នាក់។
ករណីថ្មីបំផុត បានកើតឡើងកាលពីខែសីហា ឆ្នាំ២០២០ នៅពេលដែលជើងហោះហើរ Air India Express បានធ្លាក់ពីលើផ្លូវរត់ក្នុងអាកាសយានដ្ឋាន Kozhikode-Calicut ក្នុងប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្ស ២១នាក់។
នៅវេលាម៉ោង ២ និង៣៨នាទីរសៀល កាលពីថ្ងៃចន្ទ យន្តហោះអ្នកដំណើរ China Eastern Airlines ដែលមានផ្ទុកមនុស្ស ១៣២ នាក់នៅលើនោះ បានធ្លាក់ចូលទៅក្នុងតំបន់ភ្នំមួយ ក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។
យន្តហោះនេះ កំពុងហោះហើរពីទីក្រុងគុនមីង ភាគនិរតីទៅកាន់ទីក្រុងក្វាងចូវ ភាគខាងត្បូងប្រទេសចិន នៅពេលដែលវាបានបាត់ការទាក់ទងពីលើទីក្រុងអ៊ូចូវ។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបានបញ្ជាក់។
មន្ត្រីក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ បានបញ្ឈប់ការហោះហើររបស់យន្តហោះ Boeing 737-800 ទាំងអស់ បន្ទាប់ពីការធ្លាក់នេះ៕


ប្រភព៖ CGTN