
សៀមរាប៖ ក្រុមការងារអង្គរសង្ក្រាន្ត បានបង្ហាញជាផ្លូវការនូវរូបតុក្កតា Mascot ថ្មីសន្លាង ដែលនឹងលេចចេញជារូបរាងនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅទឹកដីខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

យោងតាមទំព័រហ្វេសប៊ុក “ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត” ដែលបានបង្ហោះនៅថ្ងៃអង្គារ ទី២២ ខែមីនានេះ រូប Mascot ទាំងពីរនេះ មានរូបជាសត្វខ្លា តំណាងឱ្យឆ្នាំថ្មីឆ្នាំខ្លា ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២២ ត្រូវនឹង ព.ស. ២៥៦៥ ឈានចូល ព.ស. ២៥៦៦ ។
គួរបញ្ជាក់ថា បន្ទាប់ពីផ្អាករយៈពេល២ឆ្នាំ អង្គរសង្ក្រាន្ត នឹងវិលត្រឡប់មកវិញនៅឆ្នាំនេះ។ រដ្ឋបាលខេត្តសៀមរាប និង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បាននិងកំពុងរៀបចំកម្មវិធីនេះ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃខាងមុខនេះ នៅបរិវេណមាត់ស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប៕





