ចិន៖ រឿងរ៉ាវរបស់គ្រួសារតូចមួយមកពីខេត្ត អានហួយ ភាគខាងកើតប្រទេសចិន ដែលត្រូវបានអ្នកនិយមលេងបណ្តាញសង្គម Douyin រំភើបចិត្តដោយសារក្មេងប្រុសដែលមានអាយុទើប ១០ឆ្នាំហ៊ានបរិច្ចាគខួរឆ្អឹងឱ្យម្តាយដោយមិនមានពាក្យតវ៉ាសូម្បីមួយម៉ាត់ បើទោះជារូបគេជាមនុស្សខ្លាចឈឺយ៉ាងណាក៏ដោយ។
អ្វីដែលធ្វើឱ្យគ្រប់គ្នារំភើបចិត្តកាន់តែខ្លាំងនោះ គឺដោយសារពាក្យសម្តីរបស់ក្មេងប្រុសអាយុ១០ឆ្នាំ Xuanyi ជាកូនប្រុសច្បងក្នុងគ្រួសារលោក Cao Song បាននិយាយថា៖ “ដោយសារម្តាយខ្ញុំបានផ្តល់កំណើតឱ្យខ្ញុំ ខ្ញុំជំពាក់គាត់ ហើយខ្ញុំចង់ឱ្យម្តាយខ្ញុំកំដរខ្ញុំទៅផ្ទះ ដូចនេះខ្ញុំអាចសប្បាយរីករាយរាល់ថ្ងៃ”។
ពាក្យទាំងនេះហើយ ដែលធ្វើឱ្យគ្រប់គ្នារំភើបចិត្តចាប់អារម្មណ៍ចំពោះគ្រួសារមួយនេះជាខ្លាំងដោយកោតសរសើរ Xuanyi មានភាពកត្តញ្ញូ យល់ការណ៍បែបនេះ។
គួរបញ្ជាក់ដែរថា ប្រពន្ធរបស់លោក Cao Song បានរកឃើញមានជំងឺមហារីកគ្រាប់ឈាមដែលបណ្តាលឱ្យការផលិតកោសិកាឈាមខុសប្រក្រតីដែលកើតឡើងក្នុងខួរឆ្អឹង កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
ប្តីប្រពន្ធលោក Cao Song ដើមឡើយបានបើកហាងលក់សម្លៀកបំពាក់តូចមួយ ប៉ុន្តែក្រោយប្រពន្ធរបស់លោករកឃើញមានជំងឺបែបនេះហើយ អ្នកទាំង២ក៏បានបិទហាង និងបានទៅរស់នៅខេត្តស៊ូចូវ ក្បែរមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ។ រយៈពេល ៣ឆ្នាំដែលតស៊ូជាមួយជំងឺដោយបាញ់គីមី ប៉ុន្តែទោះជាយ៉ាងណា ជម្រើសដ៏ល្អបំផុតគឺការវះកាត់ប្តូរខួរឆ្អឹង។
ទោះជាយ៉ាងណា ការវះកាត់ប្តូរខួរឆ្អឹងនេះត្រូវរកឱ្យត្រូវគ្នា ដូចនេះប្អូនប្រុសរបស់ប្រពន្ធលោក Cao Song ក៏បានទៅពិនិត្យ តែលទ្ធផលមិនត្រូវគ្នាឡើយ។ ដោយសារគ្មានជម្រើសដែលល្អជាងនេះ Cao Song បានឱ្យគ្រូពេទ្យពិនិត្យកូនប្រុសច្បងរបស់លោកអាយុ ១០ឆ្នាំម្នាក់ទៀតដោយលទ្ធផល ម្តាយកូនទាំង២មានខួរឆ្អឹងត្រូវគ្នា។
Cao Song បានឱ្យដឹងថា លោកមិនចង់ធ្វើបែបនេះឡើយ ព្រោះកូនប្រុសលោកនៅក្មេង ថែមទាំងស្គមទៀត។ ទោះជាយ៉ាងណា គ្រូពេទ្យបានអះអាងថា ការវះកាត់នេះ នឹងមិនធ្វើឱ្យកូនប្រុសលោកមានបញ្ហាសុខភាពឡើយ។ ពេលនេះ Xuanyi កំពុងស្នាក់នៅផ្ទះដើម្បីរង់ចាំថ្ងៃវះកាត់បរិច្ចាគខួរឆ្អឹងដល់ម្តាយរបស់ខ្លួនផងដែរ៕