×

អាជ្ញាធរ​ចំណីអាហារ​ថៃ ព្រមាន​អ្នកទទួលទាន​សាច់ក្រក អាច​ប្រឈមនឹង​ជំងឺធ្ងន់ធ្ងរ

ថៃ៖ រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃ ហៅកាត់ FDA បានព្រមានប្រជាជន ថា ការទទួលទានសាច់ក្រកច្រើន អាចបណ្តាលឱ្យពុលអាហារ ក៏ដូចជា បញ្ហាសុខភាពនៅក្នុងរយៈពេលយូរអង្វែង។

អគ្គលេខាធិការ FDA ជំរុញឱ្យអ្នកប្រើប្រាស់ពិនិត្យមើលការវេចខ្ចប់ ដើម្បីធ្វើឱ្យប្រាកដថា សាច់ក្រកមានត្រាផ្លូវការរបស់ FDA មុននឹងជាវយកទៅទទួលទាន។ ការព្រមាននេះ កើតឡើង បន្ទាប់ពីកុមារ ១៤នាក់ នៅទូទាំងប្រទេសថៃ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺឈាម បន្ទាប់ពីបានបរិភោគសាច់ក្រក ពីរោងចក្រតែមួយ ក្នុងខេត្តឈុនបុរី។ រោងចក្រនេះ មិនមានការអនុញ្ញាតត្រឹមត្រូវ មិនឆ្លងកាត់ស្តង់ដាច្បាប់ និងមិនមានការយល់ព្រមពី FDA លើការវេចខ្ចប់របស់វា។

ជំងឺឈាមដែលកុមារទទួលបាន គឺ methemoglobinemia បណ្តាលឱ្យឈឺក្បាល វិលមុខ និងដកដង្ហើមខ្លីៗ។ ក្នុងករណីធ្ងន់ធ្ងរ ដៃ និងជើង អាចប្រែជាពណ៌ខៀវ ហើយជំងឺ អាចសម្លាប់មនុស្សបាន។ មន្ត្រីសុខាភិបាលថៃ បានណែនាំ ឱ្យចៀសវាងសាច់ក្រកដែលមានពណ៌ផ្កាឈូក ឬក្រហម និងកុំឱ្យញ៉ាំសាច់ក្រកច្រើនពេក។

ច្បាប់កំណត់លើបរិមាណសារធាតុនីត្រាត ក្នុងមួយគីឡូក្រាមនៃអាហារនៅក្នុងប្រទេសថៃ គឺ ៨០ ក្រាម។ ក្នុងចំណោមសំណាកសាច់ក្រកចំនួន ៤៤ ដែល FDA បានធ្វើតេស្តមកទល់ពេលនេះ មានជាងពាក់កណ្តាលត្រូវបានរកឃើញថាមានកម្រិត នីត្រាត លើសកំណត់។ នីត្រាត ត្រូវបានប្រើប្រាស់ក្នុងសាច់កែច្នៃជាច្រើន មិនមែនត្រឹមតែសាច់ក្រកប៉ុណ្ណោះទេ ហើយវាអាចបណ្តាលឱ្យពុលអាហារ និងប៉ះពាល់ដល់សុខភាពយូរអង្វែង។

ក្រៅពីហានិភ័យដែលបង្កឡើងដោយកម្រិតនីត្រាត គ្រូពេទ្យ បានបន្ថែមថា សាច់ក្រកក៏មានជាតិខ្លាញ់ និងមានជាតិសូដ្យូមច្រើនផងដែរ។ សូដ្យូមច្រើនពេក អាចធ្វើឱ្យអ្នកទទួលទាន លើសសម្ពាធឈាម និងបណ្តាលឱ្យកើតជំងឺបេះដូង និងជំងឺតម្រងនោមរ៉ាំរ៉ៃ៕

 

ប្រភព៖ Thai PBS World

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង