×

កោះទ្រង់ រៀបចំ​បង្អួតខ្លួន​ដល់​ភ្ញៀវទេសចរជាតិ​និងអន្តរជាតិ នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខាងមុខ

ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ បានណែនាំដល់សមាជិកសហគមន៍កោះទ្រង់ ឱ្យចេះពីរបៀបទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ បម្រើសេវាកម្មបានត្រឹមត្រូវមានស្ដង់ដា ដើម្បីត្រៀមលក្ខណៈផ្ដល់សេវាកម្មជូនភ្ញៀវទេសចរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ ម្យ៉ាងទៀតត្រូវតែពង្រឹងលើផ្នែកសន្តិសុខ សុវត្ថិភាព ដើម្បីបញ្ចៀសបាននូវហានិភ័យណាមួយកើតឡើងជាយថាហេតុលើភ្ញៀវទេសចរ។

កោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គ.ម ។ កោះទ្រង់ ជាសង្កាត់មួយក្នុងចំណោមសង្កាត់់ ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ។ កោះនេះ មានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ ហិកតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះ ដីសម្បូរទៅដោយជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។

កោះទ្រង់ ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ មួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះ មានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់ នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកម្សាន្តដ៏មនោរម្យរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង