×

ខ្ទឹមបារាំង ក៏អាច​ធ្វើឱ្យ​ហើមពោះដែរ កុំគិតថា​មកពី​អាហារផ្សេង

ខ្ទឹមបារាំងក៏អាចធ្វើឱ្យអ្នកញ៉ាំហើមពោះបានដែរ ប៉ុន្តែថាករណីនេះមិនសូវមាននោះទេ។ ខ្ទឹមបារាំងអាចធ្វើឱ្យហើមពោះបានដោយសារតែមានផ្ទុកសារធាតុ Fructose ហើយមនុស្សយើងមួយចំនួនមិនអាចញ៉ាំសារធាតុនេះបាន។

ការសិក្សាមួយចំនួនបានបង្ហាញថាអាការៈហើមពោះអាចកើតឡើងបន្ទាប់ពីញ៉ាំខ្ទឹមបារាំងបានប្រហែលពីរបីម៉ោង។
ខ្ទឹមបារាំងត្រូវគេជឿថាអាចបង្កឱ្យមានបញ្ហាហើមពោះបានដោយវិធីពីរយ៉ាង។ ទីមួយ ប្រសិនជាគ្នាយើងងាយមានបញ្ហាច្រាលជាតិអាស៊ីដក្រពះខ្ទឹមបារាំងអាចរួមចំណែកឱ្យបញ្ហានេះកើតឡើងបាន។ ខ្ទឹមបារាំងមានសារធាតុម្យ៉ាងអាចធ្វើឱ្យភាពតឹងរបស់សាច់ដុំភ្ជាប់រវាងក្រពះ និងបំពង់អាហារចុះខ្សោយ នាំឱ្យមានអាស៊ីដច្រាលឡើងបាន។ ការណ៍នេះហើយ នាំឱ្យយើងមានអារម្មណ៍ថាហើមពោះនៅផ្នែកខាងលើ។
មួយវិញទៀតបញ្ហានេះអាចកើតឡើង ដោយសារជាតិស្ករម្យ៉ាងឈ្មោះថា Fructose ដែលមាននៅក្នុងខ្ទឹមបារាំង។ មនុស្សមួយចំនួនអាចមានបញ្ហាជាមួយសារធាតុនេះ ដែលនាំឱ្យប្រព័ន្ធរំលាយអាហារមានបញ្ហា បាក់តេរីក្នុងពោះវៀនបំបែកជាតិស្ករនេះ ជាហេតុនាំឱ្យកើតហ្គាសនៅក្នុងពោះវៀនធំ។

បើតាមវិទ្យាសា្ថនសុខភាពជាតិរបស់អង់គ្លេស អាហារដូចជាសណ្ដែក ផ្កាខាត់ណាខៀវ ស្ពៃក្ដោប ខ្ទឹមបារាំង សុទ្ធជាអាហារដែលអាចធ្វើឱ្យអ្នកញ៉ាំមួយចំនួនមានការៈហើមពោះ។
ដើម្បីកាត់បន្ថយបញ្ហាហើមពោះ គ្នាយើងត្រូវកាត់បន្ថយការញ៉ាំខ្ទឹមបារាំង ភេសជ្ជៈកំប៉ុង ដែលបង្កឱ្យមានអាការៈហើមពោះ។ ដូចគ្នាដែរ ការហាត់ប្រាណបានជាទៀងទាត់ក៏ជួយកាត់បន្ថយបញ្ហាហើមពោះដែរ។ ជាការណែនាំការហាត់ប្រាណគួរធ្វើឡើងឱ្យបាន៣០នាទីក្នុងមួយថ្ងៃ ឬ១៥០នាទីក្នុងមួយសប្ដាហ៍។
ក្នុងករណីបញ្ហាហើមពោះ កើតមានជាប់ជាប្រចាំ គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យពីជំងឺណាមួយដែលអាចកើតមានបានច្បាស់លាស់។ ការហើមពោះ និងមាន អារម្មណ៍ថាតឹងពោះជាប់ជាប្រចាំ គឺជារោគសញ្ញាសំខាន់មួយនៃជំងឺមហារីកក្រពេញអូវែដែរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង