ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះលោកប្រធានាធិបតី Xi JinPing នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះដ៏រន្ធត់ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ១៣២នាក់។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់នៅតំបន់ភ្នំ ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ ខណៈដែលយន្តហោះ កំពុងហោះហើរចេញពីទីក្រុងគុនមីង ទៅកាន់ទីក្រុងក្វាងចូវ។ ២ថ្ងៃក្រោយមក ក្រុមស្វែងរក និងជួយសង្គ្រោះ បានរកឃើញប្រអប់ខ្មៅមួយ និងសពមនុស្សនៅឯកន្លែងធ្លាក់យន្តហោះ China Eastern Airlines កាលពីថ្ងៃពុធ។ ប្រអប់ខ្មៅនេះ ត្រូវបានដឹកជញ្ជូនពេញមួយយប់ ទៅកាន់ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល ដែលមានជំនាញវិជ្ជាជីវៈក្នុងទីក្រុងប៉េកាំង សម្រាប់ការវិភាគទិន្នន័យ៕