×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

កម្ពុជា នឹងប្រារព្ធ​ទិវា​មួយម៉ោង​សម្រាប់​ភពផែនដី​ក្នុង​ការប្តេជ្ញាចិត្ត​សម្រាប់​និរន្តរភាព​នៃ​ភពផែនដី

ភ្នំពេញ៖ ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាយុទ្ធនាការបរិស្ថានដ៏ធំមួយនៅលើពិភពលោកដែលបានចាប់បដិសន្ធិឡើងដោយការរួមកម្លាំងពីប្រជាជនជុំវិញសាកលលោក។ ក្នុងឆ្នាំនេះ ការចូលរួមមានសន្ទុះកាន់តែខ្លាំងឡើងពីសំណាក់ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ ក្រុមយុវជន គ្រឹះស្ថានសាធារណៈ និងឯកជន អង្គការអន្តរជាតិ ស្ថាប័នព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជានៅទូទៅប្រទេស ដើម្បីសម្ដែងសកម្មភាព និងឆន្ទៈក្នុងការរួមចំណែកកសាងអនាគតមួយប្រកបដោយសុខុមាលភាព និងសុខភាពល្អប្រសើរសម្រាប់គ្រប់ៗគ្នា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី២៤ ខែមីនានេះ បានលើកឡើងថា ខណៈដែលយើងទាំងអស់គ្នាកំពុងសម្របខ្លួនតាមការរស់នៅក្នុងគន្លងថ្មីជាមួយវត្តមាននៃជំងឺកូវីដ១៩ ទិវាមួយម៉ោងសម្រាប់ភពផែនដី អំពាវនាវឱ្យមានការផ្តោតការយកចិត្តទុកដាក់លើការបង្កើតដំណោះស្រាយដែលគាំទ្រដល់ការការពារធម្មជាតិ ដើម្បីស្តារនិងកសាងសង្គមជាតិឱ្យប្រសើរឡើងក្រោយវិបត្តិនៃជំងឺឆ្លងកូវីដ១៩ ក៏ដូចជារំឭកដល់តួនាទីយ៉ាងសំខាន់នៃធនធានធម្មជាតិដែលបានទ្រទ្រង់ជីវិត និងការរស់នៅរបស់យើងគ្រប់គ្នា គិតចាប់តាំងពីការផ្គត់ផ្គង់អាហារ និងទឹកសម្រាប់បរិភោគ ខ្យល់បរិសុទ្ធសម្រាប់យើងដកដង្ហើម រហូតដល់ទ្រទ្រង់ដល់ការអភិវឌ្ឍការចិញ្ចឹមជីវិតរបស់ប្រជាជននៅកម្ពុជា និងនៅលើសកលលោកទាំងមូល។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “ទិវាមួយម៉ោងសម្រាប់ភពផែនដី គឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថានក៏ដូចជាប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន ជាពិសេសការប្រែប្រួលអាកាសធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាកត្តាគំរាមកំហែងសាកលដល់មនុស្ស និងធម្មជាតិ។ ទិវានេះផ្តល់ឱកាសសម្រាប់យើងចូលរួមអបអរ ក៏ប៉ុន្តែវាក៏ជាពេលដែលយើងត្រូវបង្ហាញឆន្ទៈដ៏មោះមុតចំពោះការការពារបរិស្ថាន និងធនធានធម្មជាតិជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះមិនមែនធ្វើត្រឹមរយៈពេល ១ ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំ”។

ឆ្នាំនេះ គឺជាឆ្នាំទី១៣ហើយដែលកម្ពុជាបានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយគេសង្កេតឃើញកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពក្នុងការការពារបរិស្ថានមានការកើនឡើងពីសំណាក់សហគមន៍ និងរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ គេចាំបាច់ត្រូវរៀបចំនូវវិធានការរួមគ្នាបន្ថែមទៀតពីគ្រប់ភាគីទាំងអស់ដើម្បីកសាងអនាគតមួយដែលមានសុវត្ថិភាព ប្រកបដោយភាពធន់ និងនិរន្តរភាព។

ការបិទភ្លើងមួយម៉ោងនាម៉ោង៨:៣០នាទីយប់ នៅថ្ងៃសៅរ៍ចុងក្រោយនៃខែមីនា បានក្លាយជាសកម្មភាពនិមិត្តរូបសាកលមួយ ចាប់តាំងពីព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ បានចាប់កំណើតឡើងក្នុងឆ្នាំ២០០៧ នៅទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលីមកម្ល៉េះ ដែលពេលនោះទិវានេះ ត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ភ្លើងអគ្គិសនីទៅលើបរិស្ថាន។ តាមរយៈការបិទភ្លើងមួយម៉ោងនេះ ប្រជាជននៅលើពិភពលោកបង្ហាញឆន្ទៈ និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងជាសាកល ជំរុញការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានក្នុងការប្រើប្រាស់ថាមពលអគ្គីសនី ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការឡើងកម្ដៅផែនដី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង