ប៉ៃលិន៖ ភ្នំយ៉ាត នៅទឹកដីខេត្តប៉ៃលិន កំពុងត្រូវបានរៀបចំតុបតែងលម្អដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ភ្នំយ៉ាត ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដែលមានទីតាំងស្ថិតនៅក្នុងភូមិវត្ត សង្កាត់ ប៉ៃលិន ខេត្ត ប៉ៃលិន ដែលមានចំងាយប្រមាណជា ១គីឡូម៉ែត្រ ពីទីរួមខេត្ត។
ភ្នំយ៉ាតជាវត្តចាស់ មានសំណង់បុរាណដូចជា ចេនឡាមណីចេតីយ៍តូចធំ និងអាស្រមជាច្រើន។ ចេតិយភ្នំយ៉ាតដែល មានបាតប្រវែង ១៦ម៉ែត្រ គុណនឹងកម្ពស់ ២៧ម៉ែត្រ កសាងឡើងនៅសតវត្សទី១៩ ក្នុងឆ្នាំ១៩២៥ ដោយជនជាតិភូមា (កូឡា) ក្នុងគោលបំណង ដើម្បីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសមណគោតម។
ភ្នំយ៉ាត មិនត្រឹមជាបូជនីយដ្ឋានថ៏សក្តិសិទ្ធិទេ ភ្នំយ៉ាតក៏ជាបេះដូងនៃពីក្រុងប៉ៃលិនផងដែរ។ ភ្នំយ៉ាត មានផ្លូវឡើងចំនួនពីរ គឺមួយឡើងដោយថ្មើរជើង និងមួយទៀតសម្រាប់រថយន្ត និងម៉ូតូ។ ភ្នំយ៉ាតមានកាំជណ្តើរ ៤២កាំ ដែលកាំជណ្តើនីមួយៗ មានកម្ពស់ ២៥សង់ទីម៉ែត្រ។ ភ្នំយ៉ាតមានកម្ពស់ ៦០ម៉ែត្រ។
ភ្នំយ៉ាតជាតំបន់ដែលមានអបិយជំនឿខ្លាំងក្លាណាស់ សម្រាប់អ្នករស់នៅក្រុងប៉ៃលិន និងអ្នកដំណើរឆ្លងកាត់តំបន់នោះ៕