×

ប្រធានសមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា៖ ការកក់កញ្ចប់​ទេសចរណ៍ ៥០% ត្រូវបាន​លុបចោល និង​ពន្យាពេល ក្រោយ​ការហក់ឡើង​ភ្លាមៗ​នៃ​តម្លៃប្រេង​ឥន្ធនៈ

ភ្នំពេញ៖ អ្នកជំនាញនៅក្នុងឧស្សាហកម្មទេសចរណ៍ បានអះអាងថា ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈកំពុងកាត់បន្ថយការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ដែលរំពឹងថា នឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ក្នុងពេលស្ថានភាពកូវីដ១៩ ក្នុងប្រទេសមានសភាពកាន់តែធូរស្រាល ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដែលរាជរដ្ឋាភិបាលប្រកាសឲ្យប្រារព្ធឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា តាមការរំពឹងទុកនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ នឹងមានភ្ញៀវទេសចរដើរកម្សាន្តកាន់តែច្រើន បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកឲ្យប្រជាពលរដ្ឋរៀបចំពិធីបុណ្យជាតិនេះឡើងវិញ ក្រោយពីស្ថានភាពកូវីដ១៩នៅកម្ពុជា កាន់តែធូរស្រាល នឹងអាចគ្រប់គ្រងបាន ក៏ប៉ុន្តែការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនាពេលនេះ នឹងកាត់បន្ថយការដើរកម្សាន្តរបស់ភ្ញៀវទេសចរ។

លោកស្រីបញ្ជាក់ថា ការហក់ឡើងនៃតម្លៃប្រេងសាំង បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរកម្សាន្តបែបកញ្ចប់ទេសចរណ៍ ដែលរហូតមកដល់ពេលនេះ មានភ្ញៀវប្រហែល ៥០ភាគរយហើយ បានសម្រេចចិត្តលុបចោល និងពន្យាពេលការដើរកម្សាន្តរបស់ពួកគេវិញ ព្រោះតែថ្លៃទំនិញ ម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន បានហក់ឡើងថ្លៃភ្លាមៗផងដែរ ដែលជាហេតុធ្វើឲ្យភ្ញៀវមានការព្រួយបារម្ភពីការចំណាយកើនឡើងខ្ពស់។

ទោះជាយ៉ាងណាលោកស្រី បានលើកឡើងថា ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នឹងនៅតែប្រព្រឹត្តទៅជាប្រក្រតី គ្រាន់តែមិនដូចការរំពឹងទុកប៉ុណ្ណោះ ហើយបើធៀបនឹងឆ្នាំមុនពិធីនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាកការដើរកម្សាន្ត និងការជួបជុំ។

សូមជម្រាបថា តម្លៃប្រេងឥន្ធនៈបានចាប់ហក់ឡើងភ្លាមៗជាបន្តបន្ទាប់ គិតមកទល់នឹងពេលនេះលើស ១០០ដុល្លារអាមេរិក ក្នុងមួយធុងបារ៉ែល ចាប់តាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលបានឈ្លានពានលើប្រ ទេសអ៊ុយក្រែន។ ការហក់ឡើងនៃតម្លៃប្រេងសកលនេះ កំពុងបង្កការព្រួយបារម្ភនៅទូទាំងពិភពលោកអំពីថ្លៃទំនិញនឹងឡើងថ្លៃទៅតាមនោះដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង