
បន្ទាយមានជ័យ៖ គម្រោងសួនប៉ោយប៉ែតតេជោ ឈ្នះឈ្នះ ប្រវែងជាង២៥០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ ៥ ចាប់ពីចំណុចមុខផ្លូវសហព័ន្ធ រហូតដល់ច្រកចូលបុរីខេអិន នឹងបើកការដ្ឋានសាងសង់ក្នុងពេលខាងមុខ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុង ព្រមទាំងក្រុមការងារ បានចុះពិនិត្យទីតាំងដើម្បីត្រៀមបើកការដ្ឋានស្ថាបនាសួនច្បារនេះ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
គម្រោងស្ថាបនាសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ត្រូវបានលិចជារូបរាងឡើង បន្ទាប់ពីមានការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានតាំងលំនៅលើចំណីផ្លូវសាធារណៈ ក្នុងពេលកន្លងមក ដោយពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្តចេញពីទីតាំងនេះ ដើម្បីឱ្យអាជ្ញាធរធ្វើការអភិវឌ្ឍន៍តំបន់នេះទៅជាប្រយោជន៍សាធារណៈរួម ហើយក៏ទទួលបានការសន្តោសប្រណីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ តាមរយៈលោក ប៉ាន់ខែម ប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោផងដែរ។
គម្រោងសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ នឹងលើកមុខមាត់ទីក្រុងប៉ោយប៉ែត ឱ្យកាន់តែមានសោភ័ណភាពថែមមួយកម្រិតទៀត នាពេលដ៏ខ្លីខាងមុខនេះ៕
