×

ខេត្តព្រៃវែង គ្រោង​រៀបចំ​កម្មវិធី​ជាច្រើន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ

ព្រៃវែង៖ បន្ទាប់ពីខកខានប្រារព្ធរយៈពេល២ឆ្នាំកន្លងមកនេះ សង្ក្រាន្តព្រៃវែង នឹងវិលត្រឡប់មកវិញនាឆ្នាំ២០២២នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ១៥ និង ១៦ ខែមីនា។

កាលពីថ្ងៃទី២៤ ខែមីនា រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សានោះ លោក ជា សុមេធី អភិបាលខេត្តមានប្រសាសន៍ថា ការរៀបចំព្រឹត្តការណ៍សង្ក្រាន្តឆ្នាំនេះ ត្រូវរៀបចំឱ្យមានលក្ខណៈល្អប្រសើរបំផុត ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋដែលមកទស្សនាក្នុងព្រឹត្តការណ៍នេះ ឱ្យមានភាពអធឹកអធម។ ក្នុងនោះ ក៏មានការរៀបចំនូវពិធីទទួលទេវតាឆ្នាំថ្មី និងកម្មវិធីផ្សេងៗជាច្រើនទៀត។

សូមជម្រាបថា សង្ក្រាន្តព្រៃវែង ត្រូវបានសង្កេតឃើញថា មិនចាញ់សង្ក្រាន្តសៀមរាបប៉ុន្មានឡើយ។ ជាក់ស្ដែងកាលពីឆ្នាំ២០១៩ ពោលគឺ២ឆ្នាំកន្លងទៅដែលជាឆ្នាំចុងក្រោយនៃការរៀបចំសង្ក្រាន្តព្រៃវែង គេឃើញមានរៀបចំការលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ការតុបតែងនៅតាមដងផ្លូវសាធារណៈ ការលេងទឹក រាំលេងកម្សាន្តជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង