ចិន៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាកាសចរណ៍ចិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីយប់ថ្ងៃសៅរ៍ ទី២៦ ខែមីនា ថា មនុស្សទាំង ១៣២ នាក់នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលបានធ្លាក់នៅភាគខាងត្បូងប្រទេសចិន បានស្លាប់បាត់បង់ជីវិតទាំងអស់។
ក្រុមស្វែងរកបានរកឃើញ “ប្រអប់ខ្មៅ” ពីបំណែកយន្តហោះ Boeing 737-800 កាលពីដើមសប្តាហ៍ ប៉ុន្តែរកមិនឃើញអ្នកនៅរស់រានមានជីវិតទេ។
ជើងហោះហើរលេខ 5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានដឹកអ្នកដំណើរ ១៣២ នាក់ ក្នុងនោះ មានអ្នកបម្រើការលើយន្តហោះ ៩ នាក់ ពីទីក្រុងគុនមីងឆ្ពោះទៅទីក្រុងក្វាងចូវ នៅពេលដែលវាបានធ្លាក់នៅតំបន់ភ្នំក្នុងខេត្តក្វាងស៊ី កាលពីរសៀលថ្ងៃចន្ទ សប្ដាហ៍មុន។
មូលហេតុនៃការធ្លាក់នេះ នៅតែមិនទាន់ដឹងនៅឡើយ។ ប្រទេសចិនមានកំណត់ត្រាសុវត្ថិភាពអាកាសចរណ៍ខ្លាំងបំផុតមួយ នៅលើពិភពលោក៕