ដើរលេង៖ តំបន់អេកូទេសចរណ៍ ជីផាត គឺជាតំបន់ទេសចរណ៍មួយពោរពេញទៅដោយធម្មជាតិសម្រាប់លោកអ្នកដែលចូលចិត្តដំណើរកម្សាន្តបែបព្រៃភ្នំ នោះ ជីផាត គឺជាកន្លែងដែលស័ក្តិសមបំផុតនារដូវកាលចូលឆ្នាំខ្មែរខាងមុខនេះ។
ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាធ្វើដំណើរកម្សាន្តនៅទីនោះដោយត្រូវឆ្លងដើម្បីទៅកម្សាន្តតំបន់ទេសចរណ៍មួយនេះដែលមានសហគមន៍នៅទីនោះចាំទទួលស្វាគមន៍ទាំងម្ហូបអាហារ និងកន្លែងស្នាក់នៅ។
ដោយសារតែផ្លូវចេញចូលមានតែមួយខ្សែ ទើបតំបន់សហគមន៍ ជីផាត មានសុវត្ថិភាពផ្នែកសន្តិសុខល្អបំផុត មិនដែលមានករណីលួចឆក់ប្លន់អ្វីកើតឡើងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារប្រជាជននៅស្រុកភូមិមួយនេះ ប្រកបរបរកសិកម្មដើម្បីជីវភាព ទើបម្ហូបអាហារ បន្លែសាច់សុទ្ធសឹងជារបស់ធម្មជាតិ និងស្រស់ៗបំផុត។
តំបន់កម្សាន្តធម្មជាតិ ជីផាត ក៏សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើនផងដែរមានដូចជា ផ្នូរបុរាណមានអាយុកាលប្រមាណ៥០០ឆ្នាំ ពាងបុរាណ ទស្សនាថ្ងៃលិចពីលើភ្នំ និងទឹកជ្រោះដ៏ស្រស់ស្អាតនៅក្នុងព្រៃជ្រៅដែលយើងអាចជួលម៉ូតូសម្រាប់ជិះទៅកាន់ទីនោះ។
ការជិះម៉ូតូឆ្លងកាត់ព្រៃនេះ នឹងផ្តល់អារម្មណ៍បែបផ្សងព្រេងកាត់អូរ និងត្រូវចំណាយពេលប្រមាណកន្លះម៉ោងដើម្បីលុកលុយទៅទស្សនាទឹកជ្រោះក្នុងព្រៃដ៏ស្រស់បំព្រង ដែលនឹងផ្តល់អារម្មណ៍ស្រស់ស្រាយ បំបាត់ភាពនឿយហត់ទាំងប៉ុន្មានអស់គ្មានសល់។
មិនត្រឹមតែប៉ុណ្ណោះ ដំណើរកម្សាន្តមួយនេះក៏បានផ្តល់បទពិសោធដល់ភ្ញៀវទេសចរជិះគោយន្តធ្វើដំណើរទៅកាន់ទឹកជ្រោះអូម៉ូលូ និងទឹកជ្រោះឯទៀតដើម្បីផ្តិតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ គួរបញ្ជាក់ដែរថា តំបន់កម្សាន្ត ជីផាត មានផ្ទះស្នាក់នៅដែលមានភ្លើង និងទឹកផ្គត់ផ្គង់គ្រប់គ្រាន់ ក៏ដូចជាម្ហូបអាហារ និងភេសជ្ជៈសុទ្ធសឹងតែមានឱជារសឈ្ងុយឆ្ងាញ់ និងធម្មជាតិទាំងអស់។
ទន្ទឹមនឹងបានទៅកម្សាន្តហើយនោះ សម្រាប់លោកអ្នកដែលមានគោលបំណងចង់ចែកទាន លោកអ្នកក៏អាចរៀបចំសម្ភារសម្រាប់ចែកជូនសិស្សសាលានៅទីនោះផងដែរ ដូចនេះវាបានផ្តល់ផលចំណេញបានទាំងធ្វើដំណើរកម្សាន្ត បានទាំងធ្វើបុណ្យក្នុងពេលតែមួយតែម្តង៕