ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យរូបសំណាក “ព្រះថោងនាងនាគ” ដែលមានកម្ពស់ ២១ម៉ែត្រ ដែលរចនាស្ថាបត្យកម្មដោយស្នាដៃកូនខ្មែរ ត្រូវបានដឹកមកដល់រង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រូបសំណាក ព្រះថោងនាងនាគនេះ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំលើកដាក់លើបល្ល័ងនៅរង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ បន្ទាប់ពីរូបសំណាកបដិមាព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ និងរូបសំណាក សីហរាជមុខបី ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
រូបសំណាក ព្រះថោងនាងនាគ បន្ទាប់លើកដាក់រួច នឹង បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។ រូបសំណាកនេះ នឹងដំឡើងនៅរង្វង់មូល ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ នៃខេត្តព្រះសីហនុ។ រូបសំណាកនេះ បែរព្រះភក្ត្រទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិមិត្តរូប នៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។
រូបសំណាក ព្រះថោងនាងនាគ ជានិមិត្តរូបមួយ ក្នុងចំណោមនិមិត្តរូបចំនួន ៤ របស់ខេត្តព្រះសីហនុ បន្ទាប់ពីរូបសំណាកព្រះឧមា-មហេសូរ រូបសំណាក សីហរាជមុខបី និងរូបសំណាកតោញីឈ្មោល៕