អាមេរិក៖ បន្ទាប់ពីសម្រេចចិត្តលែងលះគ្នាជាផ្លូវការមក តារាសម្តែងហូលីវូដ Angelina Jolie និង Brad Pitt នៅមិនទាន់ដាច់ស្រលះរឿងបែងចែកទ្រព្យសម្បត្តិគ្នានៅឡើយ ដោយភាគីទាំងសងខាងអស់ពីប្តឹងផ្តល់ទាមទារសិទ្ធិចិញ្ចឹមកូនហើយ អ្នកទាំង២ក៏បន្តប្តឹងផ្តល់គ្នារឿងទ្រព្យសម្បត្តិរហូតរឿងក្តីត្រូវអូសបន្លាយកាន់ឆ្នាំ។
យ៉ាងណាមិញ ដោយសារឃើញឪពុកម្តាយដែលធ្លាប់តែល្អូកល្អឺននឹងគ្នា ប្រែក្លាយជាសត្រូវនឹងគ្នាបែបនេះ កូនស្រីរបស់អ្នកទាំង២ Shiloh Jolie-Pitt ក៏បានបង្ហាញអារម្មណ៍ឈឺចាប់របស់ខ្លួន និងទទូចសុំឱ្យលោកទាំង២បញ្ចប់វិវាទនឹងគ្នាដោយសន្តិវិធី ដោយក្នុងនាមជាកូនបង្កើតម្នាក់នាងពិតជាមិនចង់ឃើញឪពុកម្តាយខ្លួនត្រូវពាក់មុខយក្សដាក់គ្នាបែបនេះឡើយ។
Shiloh Jolie-Pitt បានបង្ហាញអារម្មណ៍របស់ខ្លួនថា នាងពិតជាចង់ឱ្យឪពុកម្តាយនាងបញ្ចប់ទំនាស់ ការប្តឹងផ្តល់គ្នាទាំងប៉ុន្មានដោយសន្តិវិធី និងអភ័យទោសឱ្យគ្នាដោយដើរផ្លូវរៀងខ្លួនមិនបៀតបៀនគ្នាបន្តទៀតឡើយ។ Shiloh Jolie-Pitt បានបន្ថែមថា នាងដឹងថារវាងឪពុកម្តាយនាងគ្មានថ្ងៃនឹងអាចត្រលប់មកជានាគ្នាវិញឡើយ ប៉ុន្តែនាងក៏សង្ឃឹមថាលោកទាំង២នឹងអាចបញ្ចប់សង្គ្រាមជាមួយគ្នា ព្រោះទោះជាយ៉ាងណាក៏ធ្លាប់ជាប្តីប្រពន្ធដែលស្រលាញ់គ្នាពីមុនមកដែរ៕