×

សង្ក្រាន្ត​ខេត្តកណ្ដាល រយៈពេល​៣ថ្ងៃ ត្រូវ​បាន​ប្រកាស​ជាផ្លូវការ រៀបចំ​ក្នុងក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ការងារតុបតែងលម្អតាមដើមឈើ បង្គោលបំភ្លឺសាធារណៈ បរិវេណសាលាខេត្ត និងបរិវេណទីតាំងពិធីសង្ក្រាន្តឆ្នាំថ្មី កំពុងចាប់ផ្ដើមដំណើរការជាបណ្ដើរហើយ សម្រាប់អបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ខាងមុខនេះ នៅក្នុងបរិវេណសួនច្បារក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណ:កម្មការ រៀបចំសោភណ័ភាពនិងអភិវឌ្ឍន៍ បានកោះអញ្ជើញសមាជិករបស់ខ្លួន ប្រជុំដាក់ផែនការ ត្រៀមរៀបចំព្រឹត្តិការណ៍សង្គ្រាន្ត ខេត្តកណ្តាល រយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំ នៅសាលាខេត្ត កាលពីថ្ងៃទី២៨មីនានេះ
លោកអភិបាលរងខេត្ត បានណែនាំដល់រដ្ឋបាលក្រុងតាខ្មៅ ត្រូវរៀបចំសម្អាតអនាម័យ បរិស្ថាន តាមទីសាធារណៈក្នុងក្រុង ពិសេសទីតាំងប្រារព្ធពិធី ស្ថិតនៅសួនច្បារមាត់ទន្លេ បាសាក់ក្រុងតាខ្មៅ។

លោកអភិបាលរងខេត្ត បានជំរុញដល់ក្រុមការងារ ត្រូវពិនិត្យពិភាក្សា លើផ្ទាំងបដារអបអរឆ្នាំថ្មី ក្លោងទ្វារកាត់ទទឹងផ្លូវ រៀបចំប្លង់ទីតាំងពិធីបុណ្យ ដើម្បីដាក់ជូនអភិបាលខេត្ត ដើម្បីពិនិត្យ សម្រេច។

រដ្ឋបាលខេត្តកណ្តាល បានសហការជាមួយមន្ទីរទេសចរណ៍ខេត្ត សហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរវប្បធម៌ វិចិត្រសិល្ប:ខេត្ត មន្ទីរធម្មការ សាសនាខេត្ត និងក្រុងតាខ្មៅចាប់ផ្តើមបង្កើតព្រឹត្តការណ៍សង្រ្កាន្តខេត្តកណ្តាលឆ្នាំថ្មី ឆ្នាំ២០២២ ឡើងវិញ ក្រោយពីអាក់ខាន អស់រយ:ពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ១៩៕
ការបង្កើត ព្រឹត្តិការណ៍ សង្គ្រាន្តខេត្តកណ្តាល ឡើងវិញនាពេលនេះ ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ នៅពេលខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង