×

Will Smith ធ្វើឱ្យ​គ្រប់គ្នា​ទប់ទឹកភ្នែក​មិនជាប់​បន្ទាប់ពី​បានដឹង​មូលហេតុ​នៃ​ការប្រើហិង្សា​ដាក់​តារាកំប្លែង Chris Rock ក្នុងកម្មវិធី​ប្រគល់​ពានរង្វាន់​អូស្កា២០២២

កម្សាន្ត៖ បញ្ហាចម្រូងចម្រាសកាលពីម្សិលមិញដែល Will Smith បានដើរឡើងសំដៅទៅលើឆាកក្នុងពិធីប្រគល់ពានរង្វាន់អូស្កា ២០២២ និងបានទះតារាកំប្លែង Chris Rock មួយកំផ្លៀងកណ្តាលឆាកទាំងកំហឹងនោះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកបន្ទាប់ពី Chris Rock បានយកបញ្ហា Jada Pinkett Smith គ្មានសក់មកនិយាយកំប្លែងលេង។

មុនពេលដឹងពីមូលហេតុដែល Will ប្រើហិង្សាដាក់ Chris លោកត្រូវបានមនុស្សជាច្រើននាំគ្នារិះគន់មិនសំចៃមាត់ដោយពួកគេយល់ថា បញ្ហាបែបនេះមិនគួរកើតឡើងលើឆាកប្រគល់ពានរង្វាន់ធំបែបនេះឡើយ។ ក្រោយមក នៅពេលឡើងទទួលពានរង្វាន់ជាតារាសម្តែងឆ្នើម Will បានធ្វើការសូមទោស Chris ជាសាធារណៈដោយលោកបាននិយាយពាក្យមួយម៉ាត់ដ៏មានអត្ថន័យបែបនេះថា “ក្តីស្រលាញ់អាចធ្វើឱ្យមនុស្សយើងឆ្កួតបាន”។

គួរបញ្ជាក់ដែរថា ពាក្យកំប្លែងដែល Chris Rock យកបញ្ហា Jada គ្មានសក់មកនិយាយលេង អាចនឹងធ្វើឱ្យអ្នកដទៃអស់សំណើចបានមែន ប៉ុន្តែសម្រាប់ Jada វាជារឿងឈឺចាប់មួយដែលធ្វើឱ្យ Will មិនអាចទ្រាំអង្គុយមើលភរិយារបស់ខ្លួនប្រឹងទប់ទឹកភ្នែកបែបនេះឡើយ ព្រោះគ្រប់គ្នាសុទ្ធតែដឹងថា Jada កំពុងមានជំងឺទើបបានជានាងត្រូវកោរសក់ចេញបែបនេះ។

បន្ទាប់ពីបញ្ហាមួយនេះបានកើតឡើង ក៏ដូចជាគ្រប់គ្នាបានដឹងមូលហេតុច្បាស់លាស់ហើយ តារាកំប្លែង Chris Rock ត្រូវបានមនុស្សជាច្រើនទាំងក្នុង និងក្រៅសិល្បៈរិះគន់ជាខ្លាំងចំពោះទង្វើដែលលោកបានយកភាពឈឺចាប់របស់អ្នកដទៃមកនិយាយលេងខ្វះការគិតពិចារណាបែបនេះ។ ជាក់ស្តែង សូម្បីតារាចម្រៀង Nicki Minaj ក៏បានចែករំលែកអារម្មណ៍ខ្លួនចំៗពីការមិនពេញចិត្តទង្វើរបស់ Chris Rock នៅលើគណនី Twitter ផងដែរ៕

  

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង