ខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Manchester City កីឡាករ John Stones នឹងខកខានការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងក្រុមកូតឌីវ័រ ដោយបានចាកចេញពីជំរុំហ្វឹកហាត់ ដើម្បីជាការប្រុងប្រយ័ត្នរបួស។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ គ្រោងនឹងចូលលេងជម្រើស១១នាក់របស់អង់គ្លេស ក្នុងការប្រកួតមិត្តភាព កាលពីថ្ងៃសៅរ៍ ទល់នឹងក្រុមស្វីស ប៉ុន្តែត្រូវបានជំនួសដោយ Ben White បន្ទាប់ពីបានដកខ្លួនចេញពីការកម្ដៅសាច់ដុំ។
គ្រូបង្វឹកក្រុមអង់គ្លេស លោក Gareth Southgate បាននិយាយថា Stones មានបញ្ហាបន្តិច មុនពេលការប្រកួតនោះ ហើយសមាគមបាល់ទាត់អង់គ្លេស បានបញ្ជាក់ថា គេនឹងមិនលេងជាមួយក្រុមកូតឌីវ័រទេ នៅយប់ថ្ងៃអង្គារទេ។
Stones ក្លាយជាកីឡាករទី៧ ដែលបានដកខ្លួនចេញពីក្រុមអង់គ្លេស ក្នុងខែនេះ បន្ទាប់ពី Trent Alexander-Arnold, Reece James, Tammy Abraham និង Aaron Ramsdale បានដកខ្លួនចេញដោយសាររបួស មុនពេល Sam Johnstone បានដកខ្លួន ហើយ Bukayo Saka បានធ្វើតេស្តវិជ្ជមានកូវីដ១៩។
នេះគឺជាដំណឹងអាក្រក់មួយសម្រាប់ Manchester City ដែលកំពុងការពារតំណែងកំពូលតារាង Premier League របស់ខ្លួន ពីការគំរាមកំហែងរបស់ក្រុមលេខ២ Liverpool ដែលតាមពីក្រោយត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ។ អវត្តមានរបស់ John Stones អាចបន្ថែមបន្ទុកមួយកម្រិតទៀតលើប្រព័ន្ធការពាររបស់លោក Pep Guardiola អ្នកចាត់ការ Man City បន្ទាប់ពីខ្សែការពារ Ruben Diaz កំពុងមានរបួស ចាប់តាំងពីដើមខែនេះ ជាមួយនឹងអវត្តមាន ៤ ទៅ ៦សប្ដាហ៍។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕