ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ នេះបញ្ហាការងាររវាងអ្នកនាង សូដា នីតា និងក្រុមតន្ត្រីរបស់លោក យ៉ែម សំអូន បានផ្ទុះកក្រើកឡើងរហូតធ្វើឱ្យតារាស្រីរូបនេះប្រកាសលើគណនីបណ្តាញសង្គមងហ្វេសបុកថា នឹងឈប់បន្តការងារជាមួយលោក យ៉ែម សំអូន ដោយនាងបានឱ្យដឹងថា នាងមិនទទួលបានការគោរព និងឱ្យតម្លៃពីការងារមួយនេះឡើយ។
ទន្ទឹមនឹងមានបញ្ហាជាមួយការងារហើយនោះ សូដា នីតា បានឱ្យដឹងបន្ថែមទៀតថា ក្នុងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះនាងបានសម្រេចចិត្តលើការងារចំនួន២ដោយទី១ គឺបញ្ឈប់ការងារទាំងអស់ជាមួយក្រុមតន្ត្រីរបស់លោក យ៉ែម សំអូន និងទី២នោះគឺ នាងសម្រេចចិត្តស្ពាយឈ្មោះជាស្ត្រីមេម៉ាយ។
ទាក់ទងនឹងការសម្រេចចិត្តលើចំនុចទី២នេះផងដែរ សូដា នីតា មិនបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើងរវាងនាង និងលោក យុទ្ធ ឋានៈ ឡើយដោយសុខៗស្រាប់តែប្រកាសថាលែងលះ និងសុខចិត្តស្ពាយឈ្មោះជាស្ត្រីមេម៉ាយ។ គួររំឭកដែរថា សូដា នីតា បានភ្ជាប់ចំណងស្នេហ៍ជាមួយលោក យុទ្ធ ឋានៈ ជាតារាសម្តែងមួយរូបដោយអ្នកទាំង២ទទួលបានកូនប្រុសម្នាក់ជាចំណងដៃកាលពីឆ្នាំ២០២១ កន្លងទៅ។
ទោះជាយ៉ាងណា សូដា នីតា ធ្លាប់បានបញ្ជាក់កាលទើបសម្រាលកូនហើយថ្មីៗថា បើសួរពីទំនាក់ទំនងអ្នកទាំង២អាចរក្សាបានយូរប៉ុណ្ណា? នាងមិនហ៊ានសន្យាឡើយ ព្រោះគ្រប់គ្នាសុទ្ធតែមិនអាចមើលអនាគតឃើញ តែទោះជាយ៉ាងណាក៏នាងព្យាយាមស្វែងរកដំណោះស្រាយប្រសិនមានបញ្ហាកើតឡើងពិតមែន ប៉ុន្តែមកដល់ថ្ងៃនេះមិនដឹងមានបញ្ហាធ្ងន់ធ្ងរដល់កម្រិតណាឡើយទើបធ្វើឱ្យ សូដា នីតា សម្រេចចិត្តចែកផ្លូវគ្នាបែបនេះ៕