ក្រុមហ៊ុនផលិតរថយន្ត VinFast បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋ North Carolina ក្នុងសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រតម្លៃ ២ពាន់លានដុល្លារ ដើម្បីផលិតរថយន្តក្រុងអគ្គិសនី រថយន្ត និងអាគុយរថយន្ត។
VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា រោងចក្រនេះ នឹងត្រូវសាងសង់រួចរាល់ នៅខែកក្កដា ឆ្នាំ២០២៤ ដោយមានសមត្ថភាពផលិតរថយន្ត ១៥០.០០០ គ្រឿងក្នុងមួយឆ្នាំ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា រោងចក្រនេះ នឹងបង្កើតការងារជាង៧ពាន់កន្លែង។
VinFast ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាមគឺ Vingroup ដែលមានបំណងប្រែក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសាកល។ ក្រុមហ៊ុននេះ កំពុងស្វែងរកការបង្កើតរោងចក្រនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។
រថយន្តប្រភេទ SUV អគ្គិសនី VF8 និង VF9 របស់ VinFast មានតម្លៃចាប់ពី ៤១.០០០ ដុល្លារ ទៅ ៦១.០០០ ដុល្លារនៅសហរដ្ឋអាមេរិក។ រថយន្ត SUV របស់ក្រុមហ៊ុនអាមេរិក Tesla បានលក់តម្លៃប្រហែល ៦៣.០០០ ដុល្លារក្នុងមួយគ្រឿង៕