កែប៖ ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូ ខេត្តកែបទទួលបានការកក់ពីភ្ញៀវរួចរាល់ប្រមាណជាង ៦០ភាគរយហើយ បើគិតមកទល់នឹងពេលនេះ សម្រាប់ការសម្រាកកម្សាន្តក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពី លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។
លោក សោម ចិន្តា បានមានប្រសាសន៍ថា យើងបានត្រៀមនូវយន្តការនានាដើម្បីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងនោះការត្រៀមនូវចំណតយានយន្ត ក្រុមការងារពាក់ព័ន្ធក៏កំពុងរៀបចំហើយដែរ តែអ្វីដែលសំខាន់ជាងនោះ មន្ទីរជំនាញបានចុះទៅណែនាំដល់ប្រតិបត្តិករទេសចរណ៍ ដាក់បង្ហាញតារាងតម្លៃដល់ភ្ញៀវឱ្យបានច្បាស់លាស់ចៀសវាងការកើតបញ្ហាផ្សេងៗ ហើយក្រៅពីនោះការចុះទៅណែនាំអំពីការអនុវត្តនូវវិធានការបង្ការជំងឺកូវីដ១៩ យើងក៏បន្តធ្វើជារឿយៗផងដែរ។
ចំណែកលោក ឈៀង សំអឿន ម្ចាស់អាហារដ្ឋាន និងរម្មណីយដ្ឋាន នៅលើកោះទន្សាយ បានប្រាប់អ្នករាយការណ៍ព័ត៌មានយើងឱ្យដឹងថា មកទល់ពេលនេះបន្ទប់គេងនៅកន្លែងរបស់លោក ត្រូវបានភ្ញៀវទេសចរកក់អស់ជាង ៦០% ហើយ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយចំពោះតម្លៃវិញសម្រាប់បន្ទប់គេងលោកដំឡើងថ្លៃចំនួន ៥ដុល្លារក្នុងមួយបន្ទប់។ ដោយឡែកសម្រាប់ម្ហូបអាហារ ហាងរបស់លោក មិនដំឡើងថ្លៃនោះទេ ប៉ុន្តែនឹងបន្ថយបរិមាណ ដោយសារតែគ្រឿងសមុទ្រស្រស់ និងគ្រឿងទេសផ្សេងៗនឹងឡើងថ្លៃនាថ្ងៃនោះ។
ជុំវិញការត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់ខេត្តកែប ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ អាជ្ញាធរកំពុងដុតដៃដុតជើង រៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ពន្ធ ជាពិសេសផ្លូវថ្នល់ដែលត្រូវបានរងការខូចខាតដោយសារសកម្មភាពអភិវឌ្ឍន៍ផ្សេងៗ ក្នុងនោះការដោះស្រាយបញ្ហាសំរាម ដែលក៏ជាកត្តាចម្បងដែលរដ្ឋបាលខេត្តកំពុងធ្វើផងដែរ៕
អត្ថបទ៖ ង៉ុង សាន់