ភ្នំពេញ៖ នៅក្នុងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា រួមមាន ការតាំងពិព័រណ៍ផលិតផល កម្មវិធីសម្ដែងរបាំប្រពៃណី កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរចម្រុះ កម្មវិធីចម្រៀងនិងរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងកម្មវិធីសម្ដែងសិល្បៈគុនខ្មែរ កម្មវិធីប្រឡងក្រុម Tik Tok និងកម្មវិធីប្រឡងចម្រៀង ការសម្ដែងរបាំឆៃយ៉ាំ និងរបាំគ្រុឌ កម្មវិធីប្រឡងបវរកញ្ញាមជ្ឈិមសម័យជាដើម ដែលនឹងប្រព្រឹត្តទៅតាមពេលវេលា និងម៉ោងផ្សេងៗគ្នាពេញ ក្នុងរយៈពេល៥ថ្ងៃ។
ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា ក៏នឹងត្រូវប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២ខាងមុខ ដែលពិធីបើកជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖ “ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះ នឹងក្លាយជាផលិតផលទេសចរណ៍មួយដ៏សំខាន់ក្នុងការផ្ដល់ជូនការកម្សាន្តរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងមកពីខេត្តនានា”៕