×

ថៃ ត្រៀម​ថ្នាំព្យាបាល​កូវីដ១៩​ចំនួន ៧៥លានគ្រាប់ ក្រោយ​ចូលឆ្នាំ

ថៃ៖ ក្រសួងសុខាភិបាលនៃប្រទេសថៃ បានស្នើទៅអង្គការឱសថរដ្ឋាភិបាល (GPO) ដើម្បីទិញថ្នាំប្រឆាំងមេរោគកូវីដ១៩ Favipiravir និង Molnupiravir ចំនួន ៧៥លានគ្រាប់ បន្ថែមទៀត ខណៈប្រទេសថៃ រំពឹងថានឹងមានការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុង និងក្រោយពិធីបុណ្យចូលឆ្នាំនៅពាក់កណ្តាលខែមេសា នៅពេលដែល មនុស្សជាច្រើន ធ្វើដំណើរឆ្លងខេត្ត។

អគ្គនាយករង GPO លោក Sirikul Matevelungsun បាននិយាយនៅថ្ងៃពុធ ទី៣០ ខែមីនានេះថា ការបញ្ជាទិញបន្ថែមនេះ បានកើតឡើងបន្ទាប់ពី ប្រទេសថៃ បានបញ្ជាទិញថ្នាំ Favipiravir ចំនួន ១១០លានគ្រាប់ ចាប់តាំងពីខែកុម្ភៈ។

ប្រទេសថៃ បានរាយការណ៍អំពីករណីកូវីដ១៩ថ្មីចំនួន ២៥.៣៨៩ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ក្នុងនោះ ការឆ្លងក្នុងសហគមន៍មានចំនួន ២៥.៣៤២ករណី និងនាំចូល ៤៧ករណី។ អ្នកស្លាប់ដោយសារកូវីដ១៩ មានចំនួន ៨៧នាក់ ហើយអ្នកជំងឺកូវីដ១៩កំពុងព្យាបាល មាន ២៤៤.៣៧២នាក់ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង