ការហាត់ប្រាណ ឱ្យបានច្រើនជាប្រចាំគឺជារឿងល្អសម្រាប់សុខភាពបេះដូង ក៏ប៉ុន្ដែចំពោះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់បន្ទាប់ពីបំពេញការងារ នោះគឺជារឿងដែលចាំបាច់ត្រូវស្វែងយល់ឱ្យបានច្បាស់ ថាគួរត្រូវប្រើពេលប៉ុន្មានឱ្យបានគ្រប់គ្រាន់ ក្នុងការហាត់ប្រាណនេះ។
ជាក់ស្ដែងតាមការណែរនាំរបស់ក្រុមគ្រូពេទ្យ បានបង្ហាញថា ការហាត់ប្រាណ យ៉ាងហោចក៏ត្រូវចំណាយពេល ១ម៉ោង ក្នុងមួយថ្ងៃដើម្បីធ្វើឱ្យបេះដូងមានសុខភាពល្អ។
ថ្វីត្បិតតែការលើកឡើងរបស់គ្រូពេទ្យបានបង្ហាញថា ការហាត់ប្រាណបាន១ម៉ោង ក្នុងមួយថ្ងៃក៏អាចផ្ដល់អត្ថប្រយោជន៍មែនសម្រាប់សុខភាពបេះដូង ប៉ុន្ដែក៏មានចំណុចរួមផ្សំមួយចំនួនទៀតដែរ។ ក្នុងនោះរួមមាន ឥរិយាបថប្រចាំថ្ងៃ របបនៃការញ៉ាំអាហារ និង លក្ខណៈការងារ ដែលសកម្មភាពខ្លះក៏អាចរួមចំណែកជាការហាត់ប្រាណ ដល់រាងកាយផងដែរ។
បើគិតទៅលើពេលវេលាគោល ការហាត់ប្រាណ ១ម៉ោងគឺគ្រប់គ្រាន់ធ្វើឱ្យសុខភាពល្អ នោះផ្ដោតសំខាន់លើប្រភេទ នៃការហាត់ប្រាណ ដូចជា ការរត់ ការដើរ(ចន្លោះល្បឿន៤-៥គីឡូ/១ម៉ោង) ការហែលទឹក ការរាំំ ការជិះកង់ សុទ្ធសឹងជាការហាត់ប្រាណបែបសកម្មភាពងាយៗ។
ដូច្នេះយើងអាចធ្វើឱ្យបានយ៉ាងហោច ១ម៉ោង ក្នុងមួយថ្ងៃ ក៏អាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូងបាន ២០-៤០%។ ការហាត់ប្រាណ ប្រភេទផ្សេងទៀតក៏មានដែរ ដូចជាការហាត់ប្រាណបែបកាយសម្ពន្ធ ការលើកទម្ងន់។ ការហាត់ប្រាណប្រភេទនេះអាចធ្វើបានយ៉ាងហោចចន្លោះ ៣០ ទៅ ៤០នាទី ក្នុងមួយថ្ងៃជាប្រចាំ ក៏អាចជួយដល់សុខភាពបេះដូងបានដែរ។ សកម្មភាពការងារមួយចំនួនផ្សេងទៀត ក៏អាចចាត់ទុក ថា ការហាត់ប្រាណដូចគ្នា ដូចជាការងារ ត្រូវដើរថ្មើរជើងច្រើន ប្រើកាយវិការច្រើន ពោលសកម្មភាពដែលអាចធ្វើឱ្យមានចលនា សរសៃឈាម និងបេះដូងធ្វើការសកម្មគឺជារឿងល្អសម្រាប់សុខភាព។
ការសង្កត់ធ្ងន់ទៅលើកត្ដាមួយចំនួនទៀត សម្រាប់អ្នកហាត់ប្រាណដែលមានមាឌ គីឡូ វ័យ មិនសមាត្រគ្នា ពោលអ្នកដែលមានមាឌធាត់ លើសទម្ងន់ គួរតែចំណាយពេល ហាត់ប្រាណឱ្យបានយ៉ាងហោចណាស់ ១ម៉ោងកន្លះ ក្នុងមួយថ្ងៃជាប្រចាំ និងត្រូវកំណត់របបអាហារត្រូវញ៉ាំផងដែរ។ ការសិក្សាបញ្ជាក់ថា អ្នកមានបញ្ហាលើសគីឡូច្រើន ភាគច្រើនមានអត្រាភាគរយខ្ពស់ ប្រឈមនឹងជំងឺបេះដូង ជំងឺសរសៃឈាម ដោយមិនប្រកាន់ទៅលើវ័យនោះទេ៕
ប្រភព៖ Hellokrupet