ស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ឆ្នាំ២០២២ នៅថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២២ ដើម្បីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សង្ក្រាន្តស្វាយរៀងឆ្នាំនេះ នឹងមានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយ ពិធីសាសនា និងកម្មវិធីកម្សាន្តសប្បាយជាច្រើនផ្សេងទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង ក៏ដូចជាសាធារណជន បានចូលរួមអបអរសាទរឆ្នាំថ្មី និងកម្សាន្តសប្បាយ។
ចំពោះតំបន់កម្សាន្ត បែងចែកជា ២ មាន តំបន់ត្រជាក់ចិត្តសង្ក្រាន្តស្វាយរៀង និងតំបន់ឆាកតន្ត្រី EDM កំពុងដំឡើងក្បាលបាញ់ទឹក។ ក្រុមការងារសង្ក្រាន្តស្វាយរៀង និងអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង មានទឹកសម្រាប់បាញ់គ្រប់គ្រាន់ ក្នុងតំបន់ទាំងពីរនេះ៕