×

ទាល់ច្រកខ្លាំង Bro KH ប្រកាស​លក់ផេក​តម្លៃ ១ម៉ឺនដុល្លារ​ដើម្បី​យកប្រាក់​ព្យាបាល​ជំងឺ

ភ្នំពេញ៖ បងប្អូនខ្មែរជាច្រើនប្រាកដជាបានស្គាល់អ្នកបង្កើតវីដេអូសប្បាយៗដែលឈ្មោះ Bro KH ហើយដែលលោកគឺជាអ្នកបង្កើតវីដេអូល្បីម្នាក់ក្នុងកម្ពុជាផងដែរ។ យ៉ាងណាមិញ កាលពីឆ្នាំ២០២១ កន្លងទៅ Bro KH ធ្លាប់ផ្ទុះបញ្ហាជាមួយអតីតមិត្តស្រីឈ្មោះ អាជីង រហូតផ្អើលអស់បណ្តាអ្នកគាំទ្រដែលធ្លាប់តែឃើញអ្នកទាំង២ផ្អែមល្ហែមនឹងគ្នា បែរកើតមានបញ្ហារហូតឈានដល់ដំណាក់កាលត្រូវចែកផ្លូវគ្នាទៀតផង។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការអាណិត Bro KH នោះដោយសារលោកមានជំងឺគេងមិនលក់រហូតជំងឺមួយនេះធ្វើទុក្ខលោកខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយលោកក៏ធ្លាប់បានទៅព្យាបាលដល់ប្រទេសថៃផងដែរដោយគ្រូពេទ្យនៅទីនោះបាននិយាយថា លោកមានជំងឺសរសៃប្រសាទដោយត្រូវប្រើប្រាស់ថ្នាំជាប្រចាំ។

ការគេងមិនលក់នេះដែរ Bro KH បានបញ្ជាក់ឱ្យដឹងថា ដោយសារលោកគិតពីការងារច្រើនពេកទើបភ្លេចមើលថែខ្លួនរហូតធ្លាក់ខ្លួនមានជំងឺដោយត្រូវព្យាបាល ហើយពេលនេះលោកមិនអាចធ្វើអ្វីបានទាំងអស់ សូម្បីតែនិយាយច្រើនក៏បណ្តាលឱ្យលោកដង្ហក់ដែរ ដូចនេះសូម្បីការងារផ្សព្វផ្សាយផលិតផលក៏លោកធ្វើមិនបានដែរ។

ដោយសារទាល់ខ្លាំង ពេលនេះ Bro KH បានប្រកាសលក់ផេកដែលមានចំនួន Followers ជិត១លាននាក់ក្នុងតម្លៃ ១ម៉ឺនដុល្លារដើម្បីសងបំណុលគេផង ដើម្បីបង់ថ្លៃផ្ទះជួល ថ្លៃទឹកថ្លៃភ្លើងផង និងថ្លៃចំណាយលើថ្នាំដែលលោកត្រូវការប្រចាំខែផង។ លោកបានឱ្យដឹងថា លោកជំពាក់គេត្រឹមជិត២ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែដោយសារបំណុលទាំងនេះធ្វើឱ្យលោកកាន់តែនៅមិនសុខក្នុងខ្លួនទើបលោកសម្រេចចិត្តប្រកាសលក់ផេកពេលនេះតែម្តង។

ទោះជាយ៉ាងណា Bro KH បានសន្យានឹងត្រលប់មកវិញ និងបង្កើតផេកថ្មីចាប់ផ្តើមសារឡើងវិញដោយពេលនេះលោកសុំពេលវេលាប្រហែលកន្លះឆ្នាំដើម្បីព្យាបាលជំងឺឱ្យជាសះស្បើយសិន។ គួរបញ្ជាក់ដែរថា ការលេចមុខមកវិញលើកនេះជាមួយនឹងការបង្ហាញពីភាពទាល់ច្រកដល់ថ្នាក់ប្រកាសលក់ផេកដែលខំសាងមកនេះក៏មានអ្នកគាំទ្រជាច្រើនមានការសោកស្តាយ និងអាណិតលោកជាខ្លាំង ប៉ុន្តែគ្រប់គ្នាក៏បានជូនពរឱ្យលោកឆាប់ជាសះស្បើយពីជំងឺផងដែរ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង