ម៉ាឡេស៊ី៖ ថ្មីៗនេះ តារាចម្រៀងសញ្ជាតិកាណាដា Justin Bieber បានប្រកាសពីការប្រគំតន្ត្រីរបស់ខ្លួបននៅប្រទេសម៉ាឡេស៊ីដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទះសាដោយអារម្មណ៍រំភើបជាខ្លាំង។
ចំណែកឯសំបុត្រក៏បានចាប់ផ្តើមដាក់លក់នៅថ្ងៃទី៣១ ខែមីនា នេះផងដែរ និងអ្នកគាំទ្រជាច្រើននាំគ្នាបុកសម្រុកទិញសំបុត្រជាហូរហែ។ យ៉ាងណាមិញ សម្រាប់និស្សិត២នាក់បងប្អូនដែលមិនធ្លាប់ទៅណាផ្តេសផ្តាសដោយសារមានឪពុកម្តាយមានភាពតឹងរ៉ឹងនោះ បាននឹកឃើញវិធីសាស្ត្របង្កើត Slide ដើម្បីធ្វើបទបង្ហាញដល់ឪពុកម្តាយពួកគេដោយភ្ជាប់មកជាមួយនឹងហេតុផលមកជាមួយទៀតផង។
យ៉ាងណាមិញ ការខំប្រឹង និងភាពប្រថុយមួយនេះមិនត្រឹមតែបានសម្រេចប៉ុណ្ណោះ ថែមទាំងម្តាយរបស់ពួកគេបានផ្តល់ប្រាក់ឱ្យទិញសំបុត្រចូលរួមទស្សនាទៀតផង។ គួរបញ្ជាក់ផងដែរថា បងប្អូនប្រុសស្រីទាំង២នេះគឺជានិស្សិតផ្នែកឱសថសាស្ត្រដែលមិនធ្លាប់បានចូលរួមការប្រគំតន្រ្តី ឬកម្មវិធីកម្សាន្តនានាពេលកន្លងមកទេ ហើយនេះជាលើកទី១ដែលពួកគេសុំការអនុញ្ញាតិពីឪពុកម្តាយ ដែលសកម្មភាពទាំងនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើ Twitter ផងដែរ៕