កូឡុំបូ៖ ប្រទេសស្រីលង្កា បានដាក់ចេញវិធានការបំរាមគោចរពេលរាត្រី នៅផ្នែកជាច្រើននៃរដ្ឋធានីកូឡុំបូរបស់ខ្លួន ដើម្បីជៀសវាងការប្រមូលផ្ដុំតវ៉ារបស់ប្រជាជន ចំពោះការផ្ដាច់ភ្លើងតាមផ្លូវសាធារណៈ ដើម្បីជួយសន្សំសំចៃអគ្គិសនី។
រដ្ឋមន្ត្រីម្នាក់ បានអះអាងថា ប្រទេសស្រីលង្កា នឹងផ្ដាច់ភ្លើងតាមផ្លូវសាធារណៈ ខណៈវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ តម្រូវឱ្យរដ្ឋាភិបាល ផ្ដាច់អគ្គិសនីប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ប្រទេសកោះដែលមានប្រជាជន ២២លាននាក់ នឹងផ្ដាច់ភ្លើងរហូតដល់ ១៣ម៉ោងក្នុងមួយថ្ងៃ ដោយសាររដ្ឋាភិបាល មិនមានអត្រាប្ដូរប្រាក់បរទេសគ្រប់គ្រាន់ដើម្បីនាំចូលប្រេងឥន្ធនៈ។
ប្រជាពលរដ្ឋស្រីលង្កា កំពុងប្រឈមនឹងវិបត្តិកង្វះរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងតម្លៃទំនិញកើនឡើង។ អតិផរណាទំនិញម្ហូបអាហារ កើនដល់ ៣០,២% កាលពីខែមីនា ដោយសារការចុះថោកនៃលុយស្រីលង្កា និងការហាមឃាត់ការនាំចូលជីគីមីកាលពីឆ្នាំមុន។
អាងស្ដុកទឹក ដើម្បីផ្គត់ផ្គង់វារីអគ្គិសនី បានជួបប្រទះនឹងការខ្សត់ទឹក ស្របពេលដែលតម្រូវការកើនឡើង អំឡុងរដូវក្ដៅ ហើយស្ងួត នៅក្នុងប្រទេស៕