ឥណ្ឌូណេស៊ី៖ ទឹកប្រាក់រង្វាន់ប្រហែល ៣៥០ដុល្លារអាមេរិក ត្រូវបានផ្ដល់ជូនអ្នកឈ្នះក្នុងចំណោមបេក្ខជនជីករណ្ដៅផ្នូរចំនួន ៣២នាក់មកពីកោះជ្វាខាងលិច ដែលបានមកជួបជុំគ្នាក្នុងការប្រកួតប្រឡងជីកផ្នូរ។
នៅសប្ដាហ៍នេះ អាជ្ញាធរមូលដ្ឋានក្នុងស្រុកមួយនៅខេត្តជ្វាខាងលិច ប្រទេសឥណ្ឌូណេស៊ី បានរៀបចំការប្រកួតជីកផ្នូរនេះឡើង។ លោក Ajat Rochmat Jatnika មន្ត្រីឥណ្ឌូណេស៊ី បាននិយាយថា៖ “យើងចង់លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ [អ្នកបញ្ចុះសព]។”
មន្ត្រីឥណ្ឌូណេស៊ីបន្តថា ពួកគេបានបំពេញការងារយ៉ាងលំបាកក្នុងការបញ្ចុះសពអ្នកជំងឺស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា ក្នុងមួយថ្ងៃ អ្នកជីកម្នាក់ ត្រូវជីកផ្នូរកប់សពរហូតដល់ ៥០នាក់ អំឡុងពេលកូវីដផ្ទុះខ្លាំងនៅឥណ្ឌូណេស៊ី។
គណៈកម្មការដាក់ពិន្ទុ បានវាយតម្លៃលើល្បឿននៃការជីក ការរៀបចំបានល្អ និងស្ដង់ដាផ្នូរដែលបានកំណត់៕