
កូរ៉ខាងត្បូង៖ បើទោះជារវាង Hyun Bin និង Song Hye Kyo បានចែកផ្លូវគ្នាអស់រយៈពេលជាង១០ឆ្នាំហើយក៏ដោយ ក៏តារាប្រុសស្រីទាំង២នេះត្រូវបានអ្នកគាំទ្រតាមដានចង់ដឹងចង់ឮជីវិតឯកជនរបស់ពួកគេដដែល ជាពិសេសនៅពេលដែលភាគីណាមួយមានទំនាក់ទំនងស្នេហាថ្មី ដែលជាក់ស្តែងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះដែរ អតីតគូស្នេហ៍របស់ Song Hye Kyo គឺលោក Hyun Bin បានចាប់ដៃតារាស្រី Son Ye Jin សាងគ្រួសារនឹងគ្នាជាផ្លូវការហើយ។

ទោះជាបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន ក៏គ្រប់គ្នានៅតែចង់ដឹងអារម្មណ៍របស់ Song Hye Kyo នៅពេលដែលអតីតគូស្នេហ៍រៀបការបែបនេះ។ យ៉ាងណាមិញ ក្នុងពិធីមង្គលការរបស់តារាប្រុសរូបនេះម្សិលមិញ ក៏ឃើញមានវត្តមានរបស់លោក Song Joong Ki អតីតស្វាមីរបស់តារាស្រីត្រកូល Song រូបនេះចូលរួមផងដែរ ប៉ុន្តែសម្រាប់ Song Hye Kyo វិញត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ថា នាងបានរក្សាភាពស្ងៀមស្ងាត់ពេញមួយថ្ងៃកាលពីម្សិលមិញ និងរហូតមកដល់ថ្ងៃនេះទើបឃើញតារាស្រីរូបនេះផុសរូបផ្សព្វផ្សាយគ្រឿងអលង្ការមួយសន្លឹកនៅលើគណនី IG របស់នាង។
គួរបញ្ជាក់ដែរថា ស្នេហារវាងតារាប្រុស Hyun Bin និង Song Hye Kyo មិនមានការយល់ស្របពីម្តាយខាងប្រុសឡើយ ដោយគាត់យល់ថា Song Hye Kyo ធំធាត់ឡើងក្នុងគ្រួសារដែលឪពុកម្តាយលែងលះគ្នា ដូចនេះម្តាយរបស់ Hyun Bin មិនចង់ឱ្យលោកមានទំនាក់ទំនងជាមួយ Song Hye Kyo ឡើយ ដ្បិតគ្រួសាររបស់លោកជាអ្នកមានមុខមាត់ និងជាគ្រួសារដែលប្រកាន់ខ្ជាប់ប្រពៃណីផងដែរ៕
