×

អាជ្ញាធរ​រាជធានីភ្នំពេញ ប្រកាស​រៀបចំ​សង្ក្រាន​វត្តភ្នំ​រយៈពេល៣ថ្ងៃ ដើម្បី​អបអរសាទរ​ពិធីចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរៀបចំសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដោយយោងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពី ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្ក្រាន្តវត្តភ្នំ ដោយមានកម្មវិធីកម្សាន្តសប្បាយ ដូចជា ទាញព្រ័ត្រ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និងការលេងល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀតដែលមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានពិធីគោរព ទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ត្រីបុរាណ-សម័យ និងរាំកម្សាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល ៣ថ្ងៃ។

ទន្ទឹមនេះ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន អធិកអធម រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជាតិ និងទប់ស្កាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោតបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន រួមទាំងសិល្បករ-សិល្បការិនី ដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៥ ពេញលេញ និងដូសជំរុញ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដូចជា ការពាក់ម៉ាស់ ការលាងដៃ ជាមួយអាល់កុល ឬជែលសម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល-សង្គម ដោយរាល់ការចូលរួមលេងល្បែងប្រជាប្រិយ ឬចូលទស្សនាកម្មវិធីនានា នៅក្នុងបរិវេណទីតាំងរៀបចំកម្មវិធី ត្រូវឱ្យសមាមាត្រនឹងបរិវេណទីតាំង។

អាជ្ញាធររាជធានីភ្នំពេញ ក៏បានដាក់បទបញ្ជាដល់ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង