
កម្សាន្ត៖ អ្នកដែលបានទស្សនារឿងភាគបុរាណខ្មែរ “ដើមរលួសមាស” ដែលកំពុងចាក់ផ្សាយនៅលើប៉ុស្ថិ៍ទស្សន៍ CTN ប្រាកដជាបានស្គាល់តួអង្គព្រះមហាក្សត្រ ព្រះបាទវិមលធម្មរាជ មិនខានដែលតារាប្រុសរូបនេះមានឈ្មោះពិត ឡៅ បញ្ញា ជាតារាសម្តែង តារាបង្ហាញម៉ូត និងជាគ្រូបង្វឹកកាយសម័្ពនមួយរូបផងដែរ។

ដោយសារមានរូបសម្បត្តិស្រស់សង្ហា ទើបតារាប្រុសរូបនេះធ្លាប់បានដាក់ពាក្យប្រកួតក្នុងកម្មវិធី Mister Asian International កាលពីឆ្នាំ ២០១៩ កន្លងទៅដោយទទួលបានជ័យលាភីជាបុរសឯកលំដាប់រងទី១ ផងដែរ។
រហូតមកដល់ឆ្នាំ ២០២២ ឡៅ បញ្ញា ក៏បានដណ្តើមបានមកុដជាកំពូលបុរសឯក Mister Supernational Cambodia ២០២២ ដែលកម្មវិធីនេះទើបបញ្ចប់ទៅកាលពីថ្ងៃទី២៥ ខែមីនា ដោយជ័យលាភីលើកនេះ តារាប្រុសសាច់ដុំតំណាងឱ្យខេត្តកំពង់ធំ ឡៅ បញ្ញា នឹងត្រូវត្រៀមខ្លួនបន្តការប្រកួតនៅប្រទេសប៉ូឡូញ នាខែកក្កដា ខាងមុខនេះផងដែរ។
គួរបញ្ជាក់ដែរថា ឡៅ បញ្ញា គឺជាតារាប្រុសវ័យក្មេងមួយរូបដែលត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ថា លោកជាសិល្បករមួយរូបមានចំណូលចិត្តស្រលាញ់ក្បាច់គុនល្បុក្កតោ និងកីឡាកាយសម័្ពនជាខ្លាំង ហើយលោកក៏ជាចំណែកបានជួយលើកស្ទួយ និងថែរក្សាវិស័យក្បាច់គុនល្បុក្កតោផងដែរ៕









