×

សម្តេចតេជោ ហ៊ុន សែន៖ “ខ្ញុំកំពុង​ពិចារណា​ក្នុង​ការសាកល្បង​យក​ខេត្តណាមួយ​មិនចាំបាច់​ពាក់ម៉ាស”

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា៖ “ខ្ញុំកំពុងពិចារណាក្នុងការសាកល្បងយកខេត្តណាមួយមិនចាំបាច់ឱ្យពលរដ្ឋយើងពាក់ម៉ាសការពារកូវីដ១៩ឡើយ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ “ឧទាហរណ៍យកខេត្តព្រះវិហារ ប្រសិនបើពលរដ្ឋនៅក្នុងខេត្តនោះមិនចាំបាច់ពាក់ម៉ាសនៅក្នុងខេត្តរបស់ខ្លួនឡើយ ប៉ុន្តែប្រសិនបើចេញពីខេត្តខ្លួននោះ គឺត្រូវពាក់ម៉ាស”។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “ខ្ញុំនិយាយបែបនេះ សូមពលរដ្ឋយើងកុំឈប់ពាក់ម៉ាសឱ្យសោះ នេះកំពុងតែស្ថិតក្នុងការពិចារណាតែប៉ុណ្ណោះ ចាំពេលណាខ្ញុំប្រកាសចាំឈប់ពាក់ ពីព្រោះប្រទេសខ្លះគេមិនតម្រូវឱ្យពាក់ម៉ាសទៀតឡើយ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា កម្ពុជាមិនខ្វះវ៉ាក់សាំងកូវីដ១៩ទេ ហើយចូលឆ្នាំថ្មីខាងមុខ សូមពលរដ្ឋដើរលេងកម្សាន្ត និងរាំលេងកម្សាន្ត តែកុំភ្លេចរក្សាវិធានការការពារដដែល។

ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ពលរដ្ឋថា៖ “ខ្ញុំកំពុងតែតាមដានជាប់ជាប្រចាំអំពីតួលេខ នៃការឆ្លងជាប្រចាំថ្ងៃ ហើយចូលឆ្នាំខ្មែររួចយើង នឹងតាមដានមើលតួលេខឆ្លងយ៉ាងម៉េចទៅវិញ”៕

អត្ថបទ៖ លោក ហ៊ន សុភ័ក្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង