ចិន៖ កាលពីដើមឆ្នាំ ២០២២កន្លងទៅ តារាសម្តែង Huang Xiaoming និង Angela Baby បានប្រកាសលែងលះគ្នាជាផ្លូវការរហូតធ្វើឱ្យអ្នកគាំទ្រនាំគ្នាស្រឡាំងកាំងនឹកស្មានមិនដល់។ យ៉ាងណាមិញ បន្ទាប់ពីសម្រេចចិត្តបញ្ចប់ចំណងអាពាហ៍ពិបាហ៍នឹងគ្នាជាផ្លូវការហើយ អ្នកទាំង២ក៏បានព្រមព្រៀងគ្នាលើចំនុចសំខាន់ៗ៣គឺ ទី១មិនត្រូវឈ្លោះគ្នារឿងទ្រព្យសម្បត្តិ ទី២មិនត្រូវឈ្លោះគ្នារឿងការចិញ្ចឹមកូន និងទី៣មិនត្រូវហែកហួរគ្នាលើបណ្តាញសង្គម។
បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍រយៈពេល៧ឆ្នាំត្រូវបានបញ្ចប់ទៅបែបនេះ គ្រប់គ្នាបានសង្កេតឃើញថាអ្នកទាំង២បានចំណាយពេលវេលាលើការងាររៀងខ្លួន។ យ៉ាងណាមិញ ក៏ធ្លាប់មានព័ត៌មានបានចុះផ្សាយកន្លងមកឱ្យដឹងថា Huang Xiaoming ស្រលាញ់ប្រពន្ធខ្លាំងរហូតការលែងលះនេះធ្វើឱ្យលោកមិនអាចប្រមូលអារម្មណ៍ធ្វើការឡើយ មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងទួញយំអំលុងពេលថតភាពយន្តថ្មីរហូតការងារត្រូវផ្អាកដើម្បីឱ្យលោកសម្រួលអារម្មណ៍ឱ្យប្រសើរឡើងផងដែរ។
ក្រលេកទៅមើល Angela Baby ដែលទើបផ្តល់សម្ភាសន៍ក្នុងកម្មវិធីមួយបានឱ្យដឹងទាំងទឹកភ្នែកថា ការពិតអតីតស្វាមីនាងមិនបានស្រលាញ់នាងខ្លាំងដូចគ្រប់គ្នាគិតឡើយ គេមិនបានត្រូវការប្រពន្ធទៀតឡើយ ទោះបីជានាងព្យាយាមស្តាចំណងអាពាហ៍ពិពាហ៍មួយនេះយ៉ាងណាក៏គ្រប់យ៉ាងនៅតែមិនអាចត្រលប់មកប្រសើរឡើង ដូចនេះចុងបញ្ចប់យើងទាំង២មានតែសម្រេចចិត្តលែងលះគ្នា។
គួរបញ្ជាក់ដែរថា បន្ទាប់ពីបានឮ Angela រៀបរាប់បែបនេះរួច អ្នកគាំទ្រជាច្រើននាំគ្នាភ្ញាក់ផ្អើលជាខ្លាំងដោយមិននឹកស្មានថា អ្វីដែលពួកគេធ្លាប់គិតថា Huang Xiaoming ស្រលាញ់ប្រពន្ធកូនខ្លាំង បែរជាធាតុពិតមានសភាពត្រជាក់ដល់ថ្នាក់នេះសោះ៕