ថៃ៖ មកទល់ពេលនេះមិនទាន់មានប្រភពណាមួយបញ្ជាក់ឱ្យដឹងឡើយថា អតីតស្វាមីរបស់តារាសម្តែងស្រី Aff Taksaorn មានជំងឺអ្វីឱ្យពិតប្រាកដខណៈមុខរបស់លោកឡើងខ្មៅស្រអាប់ ថែមទាំងមានរបួសឡើងខ្ទុះហើមមួយដុំធំទៀតផង។
បើទោះជាកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យយ៉ាងណាក៏ដោយ ក៏ Songkarn ហាក់មានភាពកក់ក្តៅចិត្តដោយសារមានគ្រួសារ និងអតីតប្រពន្ធកូនចាំជាកម្លាំងដោយកាលពីម្សិលមិញនេះ កូនស្រីរបស់ Songkarn បានគូរគំនូរ និងសរសេរលើកាតមួយសន្លឹកផ្ញើជូនលោកក្នុងអត្ថន័យថា កូនស្រលាញ់ប៉ា ជូនពរឱ្យប៉ាឆាប់ជាសះស្បើយ តស៊ូឡើង រីករាយឆ្នាំថ្មី។
ទន្ទឹមនឹងនោះ Aff ក៏បានបន្ថែមពាក្យមួយម៉ាត់ក្នុងនោះជូនពរឱ្យលោកឆាប់ជាផងដែរ។ គួរបញ្ជាក់ដែរថា កាតជូនពរមួយសន្លឹកនេះបានធ្វើឱ្យ Songkarn មិនមានពាក្យអ្វីរៀបរាប់ច្រើនក្រៅពីរូបផុស Story ដោយដាក់ Emoji បេះដូង៣ ដោយក្តីរំភើប ខណៈគូស្នេហ៍ដែលគ្រប់គ្នាស្គាល់ថាជាតារាសម្តែងស្រីឈ្មោះ Matt Peranee ហាក់ស្ងប់ស្ងាត់មិនឃើញបង្ហោះអ្វីទាក់ទងនឹង Songkarn ឡើយ៕