ភ្នំពេញ៖ ការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ នឹងត្រូវហាមឃាត់ដាច់ខាតនៅក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថា អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិអំពើមិនគប្បីខាងលើ ដែលបង្កឱ្យប៉ះពាល់ដល់ ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២ ដោយមានរៀបចំកម្មវិធីកម្សាន្តសប្បាយ ដូចជា ទាញព្រ័ត្រ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និងការលេងល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀត ព្រមទាំងមានពិធីគោរព ទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ត្រីបុរាណ-សម័យ និងរាំកម្សាន្ត។ល៕