
ឡាសវេហ្គាស៖ កម្មវិធីប្រគល់ពានរង្វាន់ Grammy ប្រចាំឆ្នាំលើកទី៦៤ ដែលបានធ្វើឡើងនៅឡាវេហ្គាសកាល ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះ កំលោះសង្ហា V សមាជិកក្រុម BTS ត្រូវបានគេលួចថតសកម្មភាពក្រោយឆាកពេលលោកកំពុងឈរជក់បារី ដែលរូបមួយសន្លឹកនោះត្រូវបានចែកចាយពេញបណ្តាញសង្គមតៗគ្នាយ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី។

យ៉ាងណាមិញ រូបភាពមួយសន្លឹករបស់ V មិនបានធ្វើឱ្យគ្រប់គ្នារិះគន់លើតារាប្រុសរូបនេះឡើយ ប៉ុន្តែអ្នកគាំទ្រជាច្រើនបែរនាំគ្នាខឹងសម្បារនឹងអ្នកលួចថតដែលបានលួចថត V ដោយមិនគោរពសិទ្ធិឯកជនរបស់តារាប្រុសរូបនេះទៅវិញ។

គួរបញ្ជាក់ដែរថា តារាប្រុសវ័យ ២៦ឆ្នាំ V បានក្លាយជាសមាជិកក្រុម BTS មួយរូបកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ ដោយក្រុមមួយនេះទទួលបានសន្ទុះនៃការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ រហូតក្លាយជាក្រុមតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពជាងគេក្នុងប្រទេស និងឈានដល់លំដាប់អន្តរជាតិផងដែរ៕


